មិនមែនជារឿងចៃដន្យនោះទេដែលកញ្ញា អ៊ិន លក្ខិណា ទទួលបានតំណែង Miss Cosmo ទៅចូលរួមប្រកួតនៅប្រទេស វៀតណាម នៅក្នុងខែ កញ្ញា ខាងមុខ ដោយកញ្ញាបានប្រើសេចក្តីក្លាហានរបស់ខ្លួនទៅសុំអ្នកគ្រប់គ្រងកម្មវិធីតែម្តង ។
ដូចមហាជនដឹងស្រាបហើយថា Miss Cosmo Cambodia ត្រូវបានស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បានទិញសិទ្ធកម្មវិធីនេះ ដើម្បីជ្រើសរើសបេក្ខភាពទៅចូលរួមប្រកួត Miss Gosmo នៅប្រទេស វៀតណាម ប៉ុន្តែសម្រាប់ឆ្នាំដំបូងនេះនៅពុំទាន់មានការប្រកួតណាមួយនោះទេ តែកម្មវិធីនេះត្រូវបានជ្រើសតាំងបេក្ខភាពចេញទៅប្រកួតតែម្តង ដោយកញ្ញា អ៊ិន លក្ខិណា ដែលជាអតីតលំដាប់រងទី ២ Miss Grand Cambodia ឆ្នាំ ២០២៣ ត្រូវបានជ្រើសតាំងតំណាង កម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិសារជាថ្មី ។
កញ្ញា អ៊ិន លក្ខិណា បានបញ្ជាក់អំពីមូលហេតុដែលនាងបានក្លាយទៅជាបេក្ខភាពតំណាង កម្ពុជា ចូលរួមកម្មវិធីប្រកួត Miss Cosmo ថា នាងបានប្រើសេចក្តីក្លាហានរបស់ខ្លួនទៅសុំលោកស្រី អ៊ឹម សុគន្ធា តែម្តង នាពេលនោះមិនថាលទ្ធផលបែបណា នាងបានត្រៀមចិត្តត្រៀមកាយដើម្បីទទួលលទ្ធផលហើយ ប៉ុន្តែអ្វីដែលនាងនឹកស្មានមិនដល់នោះ គឺការតស៊ូ និងការខំប្រឹងប្រែងរបស់នាងទទួលបានជោគជ័យហួសពីការរំពឹងទុក គឺលោកស្រី អ៊ឹម សុគន្ធា ពិតជាបានជ្រើសរើសយករូបនាងយ៉ាងពិតប្រាកដមែន ។ ភ្លាមៗបន្ទាប់ពីដឹងថាខ្លួនត្រូវបានជ្រើសរើស នាងមានអារម្មណ៍ក្តុក្តួលចិត្ត រំភើបនូវលទ្ធផលដ៏ធំមួយនេះ ។
កញ្ញា អ៊ិន លក្ខិណា ពិតជាសក្តិសមជាមួយតំណែងនេះក្តីខ្លាំងណាស់ ទាំងចំណេះដឹង រូបសម្រស់ សមត្ថភាព និង បច្ចេកទេសក្នុងការដើរ គឺនាងមានគ្រប់គ្រាន់ពិបាកនឹរកបេក្ខភាពណាប្រៀបប្រដូចបាន ហេតុដូច្នេះហើយទើបនាងក្លាយទៅជាទីចំណាប់អារម្មណ៍របស់អ្នកគ្រប់គ្រងការប្រកួត Miss Cosmo Cambodia ហើយទុកចិត្តនាង ដើម្បីចេញទៅដណ្តើមមកុដ ។
កញ្ញា អ៊ិន លក្ខិណា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការត្រៀមចេញទៅដណ្តើមកុដនៅលើឆាកជាលើកទី ២ នាងបេ្តជ្ញាចិត្ត និងប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព ដើម្បីដណ្តើមមកុដ Miss Cosmo មកប្រទេស កម្ពុជា ។ ជូនពរកញ្ញា អ៊ិន លក្ខិណា ជោគជ័យក្នុងការប្រកួតនេះនៅក្នុងខែ កញ្ញា ឆ្នាំ ២០២៤ ៕