ជាលើកដំបូងហើយដែលតារាកូនកាត់ ខ្មែរ បារាំង កញ្ញា មាលា និងតារាភូមាលោក Paing Takhon បានប៉ះគ្នាលើសង្វៀនសម្តែង ជាក់ស្តែងគ្រាន់តែវត្តមានអ្នកទាំងពីរនៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » ចាប់ផ្តើមដាក់បញ្ចាំងភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ។
ថ្វីដ្បិតតែស្រីស្អាត មាលា និង លោក Paing Takhon ប៉ះគ្នាជាលើកដំបូង ប៉ុន្តែអ្នកទាំងពីរចាប់ដៃគ្នាសម្តែងបានយ៉ាងល្អនៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » បើទោះបីជាអ្នកទាំងពីរត្រូវនិយាយពីរភាសាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែការប៉ះគ្នាលើកនេះគឺពិតជាធ្វើឱ្យកក្រើកវិស័យសម្តែងតែម្តង ។
កញ្ញា មាលា ដែលជាកូន ខ្មែរ កាត់បារាំង បាននិយាយសរសើរលោក Paing Takhon ថា លោក Paing Takhon មិនត្រឹមតែជាតារាសម្តែងដ៏ល្អម្នាក់ប៉ុណ្ណោះទេ លោកថែមទាំងចិត្តល្អគួរជាទីរាប់អាន ទោះបីជាលើកដំបូងដែលយើងសម្តែងរួមគ្នា ប៉ុន្តែពួកយើងធ្វើបានល្អណាស់ ។
ចំណែកលោក Paing Takhon វិញក៏បានសរសើរកញ្ញា មាលា ផងដែរថា នាងមិនត្រឹមតែស្អាត ថែមទាំងពូកែសម្តែងផងដែរ ។
ដោយឡែកមហាជនដែលបានចូលរួមក្នុងពិធីសម្ពោធរឿង « ប្រវត្តិស្នេហ៍នាងនាថ » កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៤ កន្លងមកនេះ ក៏បានសរសើរពីស្នាដៃសម្តែងរបស់អ្នកទាំងពីរ ពួកគេមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងគួរឱ្យស្រឡាញ់ផងដែរ ពួកគេសង្ឃឹមថាតារាសម្តែងទាំងពីរដួងនឹងបន្តចាប់ដៃគ្នាសម្តែងជាថ្មីម្តងទៀតនៅរឿងក្រោយៗ ។
ទាំងកញ្ញា មាលា និងលោក Paing Takhon កំពុងមានទីផ្សារខ្លាំងក្នុងវិស័យភាពយន្ត ខ្មែរ ជាក់ស្តែង កញ្ញា មាលា ក៏ត្រៀមនឹងលេចមុខនៅក្នុងការងារជាច្រើន ទាំងការងារសម្តែង ថតម៉ូដ និង ថតផ្សាយពាណិជ្ជកមធំៗជាច្រើន ៕