ធ្លាប់ជាដៃគូមិនដែលបែកគ្នា ហេតុអ្វី ព្រីន មិនបណ្តើរ រចនា រ៉ាវ៉ាឌី ដូចមុន ? 

ធ្លាប់ជាដៃគូដៃកង់មិនដែលឃ្លាតគ្នាមួយជំហាន ប៉ុន្តែចុងក្រោយនេះស្រាប់តែបុរសសង្ហា ព្រីន ឧស្សាហ៍បណ្តើរនារីស្រីផ្សេង បោះបង់ រចនា រ៉ាវ៉ាឌី ចោលមួយឡែក សូម្បីតែពេលថត MV ចម្រៀងថ្មីក៏ពុំមានវត្តមានរបស់ស្រីស្អាតរូបនេះចូលរួមផងដែរ ។ តើហេតុអ្វីបានជាបុរសសង្ហា ព្រីន មិនបណ្តើរ រចនា រ៉ាវ៉ាឌី ដូចមុន ? នេះជាសំណួរដែលមហាជនជាច្រើនកំពុងតែងឆ្ងល់ និងចង់ដឹងពីចម្លើយពីលោក ព្រីន ។

បន្ទាប់ពីប្រកាសផ្អាកមិនទទួលថតភាពយន្តដូចពេលមុន លោក ព្រីន បានងាកមកសម្រុកធ្វើបទចម្រៀងផ្ទាល់ខ្លួនជាច្រើន ដោយថ្មីៗនេះលោកបានចេញ MV ចម្រៀងជាច្រើនដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន  ។ 

ថ្មីៗនេះលោក ព្រីន ឧស្សាហ៍បណ្តើរមិត្តភក្តិស្រីៗប្លែកមុខពីគ្នាទៅចូលរួមកម្មវិធីនានា ខុសប្លែកពីលើកមុនលោកបណ្តើរតែ រចនា រ៉ាវ់ាឌី ម្នាក់ប៉ុណ្ណោះ សូម្បីតែមិត្តភក្តិមួយចំនួនក៏ឆ្ងល់ចំពោះរឿងនេះដែរ ។ 

លោក ព្រីន បានបញ្ជាក់ប្រាប់ថា ទំនាក់ទំនងលោកនិង រចនា គឺនៅល្អដូចដើម ពុំមានបញ្ហាអ្វីនិងគ្នាឡើយ គ្រាន់តែមួយរយៈពេលចុងក្រោយនេះ យើងបានផ្លាស់ប្តូររសជាតិថ្មីរៀងៗខ្លួនសូម្បីតែក្នុង MV ចម្រៀងរបស់លោក ក៏មិនមានវត្តមានរបស់ រចនា ដែរ យើងផ្អាកមិនថតជាមួយគ្នា ។ ចំណែករឿងមិនបណ្តើរគ្នាដូចមុននោះក៏ជារឿងពិតដែរ ដោយសារតែមួយរយៈនេះ រចនា ឈឺ សុខភាពមិនសូវល្អ មិនអាចចេញក្រៅបាន ទើបលោកចេញទៅណាមកណាតែម្នាក់ឯង ឬទៅជាមួយមិត្តរួមក្រុម ។ ប៉ុន្តែសម្រាប់វិដេអូថតផ្សព្វផ្សាយ ផលិតផលផ្សេងៗ គឺលោកនៅតែបន្តថតជាមួយ រចនា ដូចដើម …។ 

លោក ព្រីន ក៏ត្រៀមនឹងបញ្ចេញស្នាដៃថ្មីៗជាច្រើនផ្សេងទៀតដើម្បីបង្ហាញអ្នកគាំទ្រ បន្ទាប់ពីបានផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុង MV ចម្រៀងជាច្រើនបទ ដោយលោកបានជ្រើសនាថការីបុរាណ កញ្ញា កូនអាន់ ចូលរួមសម្តែងរួមគ្នា ។

ទន្ទឹមនិងការជោគជ័យក្នុងអាជីពសិល្បៈលោក ព្រីន នៅពុំទាន់សម្រេចចិត្តរៀបការ មានគ្រួសារនៅឡើយទេ ដោយលោកបាននិយាយថា រឿងរៀបការជារឿងក្រោយ ពេលនេះលោកចង់ធ្វើការងារ និង រកលុយឱ្យបានច្រើនសិន ទើបជីវិតមិនលំបាកនៅពេលដែលយើងរៀបការ ៕