មិនទាន់ឡើងតុលាការតតាំងក្តីផង សង្រ្គាមពាក្យសម្តី ហែកហួរគ្នារាប់ឆ្នាំ ក្តៅដូចបាយពុះរវាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បញ្ចប់ដោយមូលហេតុនេះ !

មិនទាន់ឡើងតុលាការតតាំងក្តីផង សង្រ្គាមពាក្យសម្តី ហែកហួររុំារ៉ៃរាប់ឆ្នាំក្តៅដូចបាយពុះរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចប់មួលហេតុងាយៗ ដែលធ្វើឱ្យមហាជនខ្លះជឿ និង មហាជនខ្លះមិនជឿ ដូចដឹងស្រាប់ហើយថា សង្រ្គាមនេះបានកើតឡើងច្រើនឆ្នាំមកហើយ ហើយក៏ត្រៀមនឹងឡើងតុលាការដែរ តែបែរជាបញ្ចប់ក្នុងពេលមួយប្រព្រិចភ្នែក ។ 

កន្លងអ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់និយាយសុះសាយពេញក្នុងបណ្តាញសង្គមលាយឡំនិងទឹកភ្នែកយ៉ាងកំសត់ថា នាងត្រូវតែប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ឱ្យបាន ទោះទៅដល់ឋានណាក៏ត្រូវតែប្តឹងឡើងតុលាការដែរ ព្រោះនាងអត់ធ្មត់ មិនតបតជាយូរឆ្នាំមកហើយតាំងពីអ្នកនាងកាន់តំណែងជាប្រធានសមាគមសិល្បករ ខ្មែរ ។ ចំណែកតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏មិនខ្លាចញញើត ក្នុងការប្រកាសសង្រ្គាមនោះដែរ អ្នកនាងនឹងកំដរដល់ឆាកចុងក្រោយ បើទោះបីជាត្រូវឡើងតុលាការ ដើម្បីតតាំងក្តីជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ក្តី ក៏អ្នកនាងចូលមិនព្រឺសប្បុរដែរ អ្នកនាងក៏ត្រៀមមេធាវី ដើម្បីតតាំងក្តីនេះ ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្តឹងប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ក្នុងអំឡុងពេលដែលអ្នកនាង ម៉េង កែវពេជ្ជតា ចេញទៅប្រទេស បារាំង ដើម្បីលំហែកាយជួបជុំគ្រួសារ  ។ មហាជនធ្លាប់បានដឹងច្បាស់ហើយថា អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ទុះសង្រ្គាមរុំារ៉ៃនេះច្រើនឆ្នាំមកហើយ ស្ទើរតែគ្មាននរណាអាចដោះស្រាយ និងផ្សះផ្សាបាន ដោយសារតែម្នាក់ៗចង់ឈ្នះ និង ត្រូវ រៀងៗខ្លួន ។ ក្នុងអំឡុងពេលនេះមហាជនជាច្រើនបានរងចាំមើលសង្រ្គាមដ៏ក្តៅគគុករវាងតារាទាំងពីរដួង ។  
 
ស្របពេលដែលសង្រ្គាមនេះមិនទាន់បានឡើងទៅតុលាការជាផ្លូវការផង ស្រាប់តែនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ ម្សិលមិញនេះ ខាងសមាគមសិល្បករ ខ្មែរ ប្រកាសថា ជម្លោះដ៏ក្តៅគគុករវាងអ្នកនាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់ ក្រោមការសម្របសម្រូលពីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ ខ្មែរ នៅក្នុងអណត្តិថ្មីនេះ ។ មិនតែប៉ុណ្ណោះការសម្របសម្រួលនេះគឺធ្វើឡើងមានមេធាវីដឹងលឺត្រឹមត្រូវ ហើយភាគគីទាំងសងខាងបានព្រមបញ្ចប់ជម្លោះដោយផ្ទាល់ និង ប្រយោល ទាំងនៅលើបណ្តាញសង្គម និង តាមមធ្យោបាយផ្សេងៗ…។
 
មហាជនស្ទើរតែមិនជឿថា សង្រ្គាមរុំារ៉ៃនេះបែរជាត្រូវបញ្ចប់ត្រឹមនេះ ដោយមិនមានការតវ៉ាអ្វីទាំងអស់ ។ មានអ្នកខ្លះទៀតនិយាយថា ថ្វីដ្បិតតែតារាចម្រៀង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា សម្រេចចិត្តបញ្ចប់សង្រ្គាមនេះក៏ពិតមែន ប៉ុន្តែនៅខាងក្រៅឆាកអ្នកទាំងពីរគឺមិនត្រូវគ្នាទេ អ្នកទាំងពីរបញ្ចប់សង្រ្គាមនេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្តីជូនពរតារាទាំងពីរដួងជោគជ័យក្នុងវិស័យសិល្បៈ និងបន្តចាប់ដៃគ្នាជាធ្លុងមួយដើម្បីលើកស្ទួយវិស័យសិល្បៈ និង វប្បធម៌ ជាតិឱ្យកាន់តែរីកចំរើន ៕