ខ្លាចជីវិតស្នេហាមិនរឹងមាំ ពិធីការិនី រស់ សុធាវី ទៅចាយជីវិតហ៊ឹហារនៅ អាមេរិក ជាមួយស្វាមីយ៉ាងមានក្តីសុខ !

បើទោះបីជារៀបការមានស្វាមី និងមានកូន ២ នាក់ក្នុងបន្ទុក ពិធីការិនៅ រស់ សុធារី នៅតែខ្លាចចំណងស្នេហ៍ខ្លួនមានការរង្គោះរង្គើរ ដូច្នេះហើយក្នុងមួយឆ្នាំៗនាងត្រូវចំណាយពេលវេលាជុំគ្រួសារ ដើម្បីដើរកម្សាន្តជុំគ្នា ពង្រឹងទំនាក់ទំនងស្វាមីភរិយា ។

បើនិយាយពីរឿងទ្រព្យសម្បត្តិ រស់ សុធាវី មិនខ្លាចក្នុងការអត់លុយចាយ ឬលំបាកក្នុងការចិញ្ចឹមកូនទាំង២នោះទេ ដោយសារស្វាមីនាងជាអ្នករកស៊ី និងមានទ្រព្យសម្បត្តិច្រើនឱ្យនាងរស់នៅបានសុខស្រួល ប្រសិនបើនាងចង់រស់នៅ ប្រទេស បារាំង ឬ សហរដ្ឋអាមេរិក គឺជារឿងងាយស្រួលសម្រាប់នាង ប៉ុន្តែ រស់ សុធាវី មិនបានជ្រើសរើសផ្លូវរស់នៅក្រៅប្រទេសឡើយ ផ្ទុយទៅវិញនាងនៅតែប្រឹងប្រែងរកលុយដោយកម្លាំងញើសឈាម ធ្វើជាពិធីការិនី នៅទូរទស្សន៍ និងតាមការប្រគំតន្រ្តីននានា ដើម្បីចិញ្ចឹមជីវិត ។

រស់ សុធាវី បានរៀបការជាមួយបុរស ខ្មែរ ដែលមាន សញ្ជាតិ បារាំង និង អាមេរិក អស់រយៈពេល ៩ ឆ្នាំមកហើយ ហើយក៏ទទួលបានចំណងដៃកូន ២ នាក់ ។ បច្ចុប្បន្ននាងកំពុងរស់នៅវីឡាដ៏ធំស្កឹមស្កៃតម្លៃក្បែរលានដុល្លារនៅក្នុងបុរីមួយកន្លែង ទោះបីជីវិតនាងមិនប្រកបអាជីពសិល្បៈក៏នាងអាចរស់នៅសុខស្រួលដែរ ។ 

រស់ សុធាវី បាននិយាយថា នាងសប្បាយចិត្តជាមួយការងារដែលនាងកំពុងធ្វើ ទោះបីជាបានប្រាក់ចំណូលមិនសូវបានច្រើន ប៉ុន្តែជាការងារដែលនាងស្រឡាញ់ ចំណែកស្វាមីនាងក៏មិនបានហាមឃាត់នាងចំពោះរឿងនេះដែរ សំខាន់គឺនាងសប្បាយចិត្ត ។ 

ពេលនេះពិធីការិនី រស់ សុធាវី កំពុងចាយជីវិតហ៊ឹហារនៅលើទឹកដី សហរដ្ឋអាមេរិក រយៈពេល ៥ សប្តាហ៍ជាមួយស្វាមីនិងកូនទាំង ២ ។ នាងបាននិយាយថា​ ក្នុងមួយឆ្នាំនាងត្រូវចំណាយពេលវេលាដើរលេងជុំគ្រួសារម្តង ដើម្បីធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍យើងកាន់តែរឹងមាំ ព្រោះជីវិតគ្រួសារពិតជាសំខាន់ណាស់ ត្រូវតែចំណាយពេលវេលាឱ្យគ្នាបានច្រើន លុយក៏ខំរក ដើរលេងជុំគ្រួសារក៏ត្រូវធ្វើទើបជីវិតមានន័យ ។ 

គួររំលឹកផងដែរថា​ កាលពីបំណាច់ឆ្នាំ ២០២៣ ពិធីការិនី រស់ សុធាវី បានចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីដើរកម្សាន្តជុំគ្រួសារនៅខាងប៉ែក អឺរ៉ុប ដោយឡែកថ្មីៗនេះនាងបានចាយលុយក្បែរសែនដុល្លារផងដែរនៅ សហរដ្ឋអាមេរិក ហើយនៅបំណាច់ឆ្នាំ ២០២៤ ខាងមុខនិងស្វាមីមានគម្រោងនិងបន្តចេញទៅដើរកម្សាន្តនៅប្រទេសផ្សេងៗជាបន្តបន្ទាប់ ។ ថ្វីដ្បិតតែស្វាមី រស់ សុធាវី រស់នៅក្រៅប្រទេស ប៉ុន្តែស្វាមីនាងឧស្សាហ៍ចុះឡើង ស្រុក ខ្មែរ ណាស់ ដើម្បីមើលប្រពន្ធកូន និងផ្តល់ក្តីសុខដល់ក្រុមគ្រួសារ ៕