បើតាមគម្រោងពិធីការិនី និងជាតារាសម្តែង ភិន សុដាលីស ត្រូវរៀបចំពិធីមង្គលការរបស់ខ្លួននៅក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រួច ប៉ុន្តែពេលវេលាបានអូសបន្លាពេលយូរមកហើយ នាងនៅតែពុំទាន់ដឹកដៃគូស្នេហ៍ចូលរោងការទៀត រហូតធ្វើឱ្យមានព័ត៌មានថា ភិន សុដាលីស លុបចោលគម្រោងរៀបការ ដើម្បីសន្សំលុយទុកធ្វើរឿងសំខាន់មួយ ។
មហាជនជាច្រើនកំពុងទន្ទឹងរងចាំមើលតារាស្រី ភិន សុដាលីស ដឹកដៃគូដណ្តឹងចូលរោងការ ដូចដឹងស្រាប់ហើយថា ភិន សុដាលីស បានភ្ជាប់ពាក្យនិងគូស្នេហ៍ខ្លួនកាលពីដើមឆ្នាំ ២០២៤ នាពេលនោះនាងបានប្រាប់ថា នាងនឹងរៀបចំពិធីមង្គលការនៅក្នុងអំឡុងខែ មេសា ឬ ខែឧសភា យ៉ាងធំដុំបំផុត ដោយត្រៀមអញ្ជើញសិល្បករ ខ្មែរ ជាច្រើនចូលរួមអបអរសាទរ ប៉ុន្តែមកទល់ពេលនេះ ភិន សុដាលីស នៅពុំទាន់ដឹកដៃគូដណ្តឹងខ្លួនចូលរោងការតាមគម្រោងដែលបានគ្រោងទុកឡើយ ផ្ទុយទៅវិញនាងបែរជាចង់លុបចោលគម្រោងរៀបការទៅវិញ ដែលធ្វើឱ្យមហាជនជាច្រើនកំពុងមានការភ្ញាក់ផ្អើល ។
ពិធីការិនី និងជាតារាសម្តែង ភិន សុដាលីស បានបញ្ជាក់ប្រាប់ជាថ្មីថា រឿងរៀបការនាងត្រូវតែរៀប ប៉ុន្តែពេលនេះសុំពេលផ្អាកសិន ដោយសារតែមមាញឹកការងារពេក ណាមួយចង់ទុកលុយរកស៊ីច្រើនជាង ។
ភិន សុដាលីស បានចាក់ចេញពីសិល្បៈទាំងស្រុង ដើម្បីងាកទៅមើលការងាររកស៊ីជំនួសវិញ ពីព្រោះនាងមិនសូវមានទីផ្សារការងារសិល្បៈឡើយ ភាគច្រើននាងបានត្រឹមតែធ្វើពិធីករ ឬ អ្នកផ្សព្វផ្សាយផលិតផលតែប៉ុណ្ណោះ ណាមួយការងារសិល្បៈក៏មិនបានប្រាក់ចំណូលច្រើនផង ។
ទន្ទឹមនិងការផ្អាកពិធីមង្គលការនេះ តារាស្រីកូនមួយ ភិន សុដាលីស បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារទៅលើអាជីវកម្មថ្មីរបស់ខ្លួនជាមួយគូដណ្តឹង តែទោះជាយ៉ាងណា នាងនឹងគូដណ្តឹង ត្រូវដឹកគ្នាចូលរោងការនៅក្នុងថ្ងៃណាមួយយ៉ាងពិតប្រាកដ ទៅតាមប្រពៃណី ខ្មែរ ៕