ជួបព្យុះភ្លៀងមួយមេ កញ្ញា ខាត់ ស្រីច័ន្ទ កាន់តែល្បីនិងទទួលបានតំណែងធំ !

ជួបព្យុះភ្លៀងមួយមេ កញ្ញា ខាត់ ស្រីច័ន្ទ កាន់តែល្បីល្បាញ និង ទទូលបានតំណែងធំ ហួសពីក្តីរំពឹងទុក ។

រឿងរ៉ាវខ្ទាតចេញពីតំណែងពិធិករ រួមជាមួយនិងរឿងរ៉ាវជាមួយស្ថាប័ន Miss Grand Cambodia មិនទាន់ស្ងប់ស្ងាត់ផង ស្រាប់តែពេលនេះ កញ្ញា ខាត់ ស្រីច័ន្ទ ប្រកាសទទួលបានការងារធំៗជាច្រើន ជាពិសេសនាងកំពុងរៀបចំកម្មវិធី Miss Planet Cambodia ដោយផ្ទាល់តែម្តង ។

កញ្ញា ខាត់ ស្រីច័ន្ទ បានចាត់ទុកថា រឿងរ៉ាវអាក្រក់ដែលបានកើតឡើងចំពោះនាងនាពេលកន្លងមក គឺគ្រាន់តែជាសុបិនមួយ ប៉ុន្តែពេលនេះអ្វីៗកាន់តែល្អប្រសើរចំពោះនាង ដោយនាងបានក្លាយទៅជាអ្នករៀបចំ និង គ្រប់គ្រងកម្មវិធី Miss Planet Cambodia ផ្ទាល់ ដែលការងារនេះជាការងារក្នុងក្តីសុបិនធំរបស់នាង ។ នាងរំពឹងថាការងារមួយនេះនឹងដំណើរការល្អក្នុងការចាត់ចែង និងការដឹកនាំផ្ទាល់របស់នាងដែលជាស្នាដៃកូន ខ្មែរ ពិតៗ ។

កញ្ញា ខាត់ ស្រីច័ន្ទ ធ្លាប់ឆ្លងកាត់ការប្រកួតបវរកញ្ញាជាច្រើនលើកមកហើយ ប៉ុន្តែនាងពុំទទួលបានលទ្ធផលល្អឡើយ ដូច្នេះហើយទើបនាងមានក្តីស្រមៃចង់ក្លាយទៅជាអ្នកគ្រប់គ្រង និងអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា ដើម្បីបង្ហាត់បង្រៀនប្អូនៗជំនាន់ក្រោយឱ្យមានទេពកោសល្យ និងមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ។

កញ្ញា ខាត់ ស្រីច័ន្ទ បានទទួលស្គាល់ផងដែរថា ការទទួលការងារជាអ្នកគ្រប់គ្រងកម្មវិធីគឺជួបនូវការលំបាកជាច្រើន ជាពិសេសរឿងថវិការនេះតែម្តង ពីព្រោះការរៀបចំកម្មវិធីមួយៗគឺចំណាយប្រាក់រាប់ម៉ឺនដុល្លារឯណោះ តែទោះជាយ៉ាងណា នាងប្តេជ្ញាចិត្ត ត្រូវធ្វើការងារនេះឱ្យបានសម្រេច ដើម្បីបំពេញក្តីស្រមៃធំរបស់ខ្លួន ៕