ស្របពេលដែលលេចមុខក្នុងការចុះ អនុស្សារណៈនៃការយោគយល់គ្នា (MOU ) ជាមួយសមាគមសិល្បករ ខ្មែរ នេះបានរៀបចំឡើងកាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នា ២០២៤ ស្ដីពីកិច្ចសហការពង្រឹង និងលើកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ ខ្មែរ នៅក្នុងអណត្តថ្មីនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីលោកជំទាវបានមានប្រសាសន៍ថា « សម្ដីមួយម៉ាត់ ចម្រៀងមួយបទ ឬកាយវិការណាមួយរបស់សិល្បករ សិល្បការិនី ពិតជាមានតម្លៃចុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងការចងចាំជាវិជ្ជមានក្នុងបេះដូងអ្នកស្ដាប់ និងអ្នកទស្សនា » ។
សិល្បករសិល្បការិនីដែលបានចូលរួមនាថ្ងៃនោះប្រមាណ ២០០ នាក់ ម្នាក់ៗបានចូលរួម និងបេ្តជ្ញាចិត្តក្នុងការជួយផ្សព្វផ្សាយ អប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ។
ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ ខ្មែរ បានសង្កត់ធ្ងន់នៅក្នុងពិធីចុះ MOU នោះថា « សម្ដីមួយម៉ាត់ ចម្រៀងមួយបទ ឬកាយវិការណាមួយរបស់សិល្បករ សិល្បការិនី ពិតជាមានតម្លៃចុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងការចងចាំជាវិជ្ជមានក្នុងបេះដូងអ្នកស្ដាប់ និងអ្នកទស្សនា ។ដូច្នេះការចូលរួមរបស់សមាគមសិល្បករខ្មែរនាពេលនេះ ជាស្មារតីនៃចូលរួមចំណែកសម្រេចឱ្យបាននូវឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសស្អាតស្អំ គ្មានការប្រើប្រាស់គ្រឿងញៀន និងជាប្រទេសគំរូមួយឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន » ។