លេចមុខក្នុងការចុះ MOU រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សមាគមសិល្បករខ្មែរ សិល្បករសិល្បការិនីប្រមាណ ២០០ នាក់ បេ្តជ្ញាចិត្តរួមគ្នាដើម្បីការងារសង្គម

សិល្បករសិល្បការិនីថ្មីចាស់ប្រមាណ ២០០នាក់ បានលេចមុខនៅក្នុងការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU ) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សមាគមសិល្បករខ្មែរ ដោយម្នាក់ៗបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើជាសម្លេងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ជ្រៀបទៅដល់យុវវ័យគ្រប់ស្រទាប់វណ្ណៈ ។

ការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU ) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សមាគមសិល្បករខ្មែរ នេះបានរៀបចំឡើងកាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នា ២០២៤ ស្ដីពីកិច្ចសហការពង្រឹង និងលើកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
 
សិល្បករសិល្បការិនីប្រមាណ ២០០ នាក់ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនោះម្នាក់បានបង្ហាញនូវអារម្មណ៍រីករាយ និងចូលរូមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការជួយផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ។  ដូចមហាជនដឹងស្រាប់ហើយថា សិល្បករសិល្បការិនី ត្រូវបានគេចាត់ទុកថា សម្លេងរបស់ពួកគាត់ពិតជាមានសារៈសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីគ្រោះថ្នាក់ និង ផលប៉ះពាល់គ្រឿងញៀន និងឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈបានយល់ដឹងកាន់តែច្បាស់ និងឱ្យចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
ក្នុងចំណោមសិល្បករសិល្បការិនីប្រមាណ ២០០ នាក់នោះ កញ្ញា នី មុន្នីនាថ , ស៊ីន យូប៊ីន , ខ្លឹម ស្រីគារ , លោក ទេព រិនដារ៉ូ , ខាត់ វ៉ៃហុំាង , នាយ ក្រឹម និង នាយ ចាបចៀន ជាដើម… ពួកគាត់បានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន និងសុំឱ្យយុវជនឆ្លើយថា ទេ ចំពោះគ្រឿងញៀន ។  
 
ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានចាត់ទុកការចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ជាមោទកភាព ដែលទទួលបានការផ្ដល់ទំនុកចិត្តពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសិល្បករ សិល្បការិនី និងក្រុមការងាររបស់សមាគមសិល្បករខ្មែរទាំងអស់ ចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអទិភាពដ៏ខ្ពស់បំផុតមួយរបស់រាជរដ្ឋា ភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សិល្បៈគឺជាអាវុធដ៏មុតស្រួចដែលអាចចាក់ចូលក្នុងក្រអៅបេះដូងរបស់មហាជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនតែម្ដង ។ សិល្បករ សិល្បការិនី គឺជាបុគ្គលដ៏មានសក្ដានុពលបំផុត ក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយអប់រំពីផលអាក្រក់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ។
ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក៏ដូចជាសិល្បករ សិល្បការិនី ទាំងអស់ក្នុងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ។ ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរូបឯកឧត្ដមផ្ទាល់ ពិតជាមានការគាំទ្រទាំងស្រុងនូវរាល់សកម្មភាពរបស់សមាគមសិល្បករខ្មែរ។ ឯកឧត្ដមសង្ឃឹមថាតាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយនឹងសមាគមសិល្បករខ្មែរ គឺជាគំរូល្អមួយសម្រាប់ការអនុវត្តជាមួយនឹងស្ថាប័នផ្សេងៗទៀត ដើម្បីចូលរួមសម្រេចឱ្យបាននូវផែនការយុទ្ធរបស់រាជរដ្ឋា​ភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕