ជួបតារាសម្តែង និង អ្នកដឹកនាំល្បីរបស់ ហុងកុង ធ្វើឱ្យលោកខាត់ វ៉ៃហុំាង ចង់ផ្លាស់ប្តូរ ! 

បន្ទាប់ពីជួបមុខតារាសម្តែងនិងអ្នកដឹកនាំល្បីឈ្មោះរបស់ ហុងកុង រួចហើយ បានធ្វើឱ្យតារាសម្តែងលំដាប់ប្រទេសលោក ខាត់ វ៉ៃហុំាង ទ្រាំមិនបាន ក៏ព្រលយក្តីស្រមៃចង់ផ្លាស់ប្តូរខ្លួនឯង ។ 

លោក ខាត់ វ៉ៃហុំាង ធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់ ប៉ុន្តែសម្រាប់ការសម្តែងបែបគ្រោះថ្នាក់ គឺលោកមិនធ្លាប់បានថតឡើយ លោកតែងមានក្តីស្រមៃចង់ថតរឿងដូចភាពយន្តល្បីៗរបស់ហុងកុង ។ 

ជួបជាមួយលោក ខាត់ វ៉ៃហុំាង នៅក្នុងកម្មវិធី « Hong Kong Film Gala Presentation » ឬ « បទបង្ហាញព្រឹតិ្តការណ៍ភាពយន្ត ហុងកុង » លោកបានប្រាប់ថា លោកមានក្តីស្រមៃធំមួយកាលពីនៅក្មេង គឺចង់សម្តែងដូចជាតួហុងកុងអីចឹងដែរ ពិសេសគឺឈុតឆាកគ្រោះថ្នាក់ មិនតួ បងធំ ឬតួបែបណាទេ គឺលោកចង់សាកល្បង ដើម្បីទទួលបានបទពិសោធថ្មីសម្រាប់ជីវិត ។ 

លោក ខាត់ វ៉ៃហុំាង ជាតារាសម្តែងល្បីឈ្មោះលំដាប់ប្រទេស ដែលមានអ្នកគាំទ្រច្រើន រាល់ពេលដែលមានកម្មវិធីមហោស្រពភាពយន្តធំៗ លោកងតែងតែមានវត្តមានជានិច្ច លោកនិយាយថា ការចូលរួមកម្មវិធីបែបនេះ ធ្វើឱ្យលោកទទួលបានបទពិសោធល្អៗជាច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួន លោកសង្ឃឹមថា ថ្ងៃណាមួយលោកអាចនឹងបានថតភាពយន្តហុងកុងជាមួយផលិតករដ៏ល្បីនៅក្រៅប្រទេសផងដែរ ។ 

លោក ខាត់ វ៉ៃហុំាង មានការជឿជាក់ខ្លាំងលើសមត្ថភាពរបស់ខ្លួន មិនថាឈុតឆាកបែបណាគឺលោកធ្វើបានទាំងអស់ ហើយថ្មីៗនេះលោកកំពុងហ្វឹកហាត់ការសម្តែងថ្មីៗជាច្រើន ដើម្បីបង្កើនប្រជាប្រិយភាព ក្នុងនោះលោកក៏បានប្រឹងប្រែងហាត់យកសាច់ដុំ ដើម្បីត្រៀមថតភាពយន្តថ្មីផងដែរ ៕