ថ្មីៗនេះតារាសម្តែង តូតា បានរត់ចូលមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីចុក និង ច្អល់ពោះ ខ្លាំងមិនធ្លាប់មាន រហូតធ្វើឱ្យនាងមានការព្រួយបារម្ភ ហើយគិតថា ប្រហែលជានាងមានបញ្ហាសុខភាពហើយ មើលទៅ ពីព្រោះនាងបានលេបថ្នាំសម្រកគីឡូ អស់ពេលជាង ១០ ឆ្នាំមកហើយ ។
តូតា បានបង្ហាញវិដេអូនៅលើ Story របស់ខ្លួនជាច្រើនដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងកំពុងមានផ្ទៃពោះកូនទី ៣ ពីព្រោះនាងនិងស្វាមី មានបំណងតាមយកកូនស្រី ។
ទោះជាយ៉ាងនេះក្តី តារាសម្តែង តូតា បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា នាងមិនមែនមានផ្ទៃពោះនោះទេ គឺនាងមានបញ្ហាខ្យល់ក្នុងពោះ ដោយសារតែមួយរយៈពេលចុងក្រោយនេះនាងឧស្សាហ៍ញុំាគ្រឿងសមុទ្រនិងអាហារឆៅពេក ទើបធ្វើឱ្យនាងមានបញ្ហាឈឺចាប់បែបនេះ ប៉ុន្តែគ្រូពេទ្យប្រាប់ថាមិនអីទេ ។
ទន្ទឹមនិងការបង្ហាញប្រាប់បែបនេះ តារាសម្តែង តូតា ក៏បានបង្ហើបអាថ៌កំបាំងដែលលាក់ទុកជាយូមកថា ជាង ១០ ឆ្នាំមកហើយដែលនាងបានប្រើប្រាស់ថ្នាំសម្រកគីឡូ គឺតាំងពីនាងនៅលីវមកម្ល៉េះ ដោយសារពេលនោះនាងមានបញ្ហាឈឺពោះបែបនេះ ទើបធ្វើឱ្យនាងគិតថា មកពីនាងលេបថ្នាំសម្រកគីឡូហើយមើលទៅ ប៉ុន្តែលទ្ធផលគឺមិនដូច្នេះទេ ដូច្នេះហើយនាងនៅតែជ្រើសរើសវិធីសាស្រ្តីសម្រកគីឡូដោយការលេបថ្នាំដដែល ។ នេះជាលើកដំបូងហើយដែលតារាសម្តែង តូតា បង្ហាញប្រាប់មហាជនបែបនេះ ។
គួររំលឹកផងដែរថា តាំងពីតារាសម្តែង តូតា រៀបការមានស្វាមី និង កូនប្រុស ២ នាក់រួចមក ជីវិតនាងកាន់តែហ៊ឺហារ និង រស់នៅយ៉ាងមានក្តីសុខជាមួយទ្រព្យសម្បត្តិយ៉ាងច្រើន រហូតនាងបានផ្អាកពីការងារសម្តែងទាំងស្រុង ដើម្បីមើលថែទាំកូនថៅ និង មើលខុសត្រូវការងាររកស៊ីបើកហាងលក់គ្រឿងអលង្ការរបស់ខ្លួន ។ កាលពីពេលថ្មីៗនេះ នាងបានជះលុយរាប់សែនដុល្លារ ទៅដើរកម្សាន្តជាមួយស្វាមីនៅក្រៅប្រទេស ដោយមិនខ្វល់អ្វីទាំងអស់ អ្វីដែលសំខាន់គឺនាងបំពេញក្តីសុខឱ្យខ្លួនឯង ៕