ឪពុកមានវ័យកាន់តែច្រើន វី ឌីណែត នៅតែពុំទាន់ដឹងដៃគូស្នេហ៍ចូលរោងការទៀត ធ្វើឱ្យលោក ហួរ ឡាវី ដែលជាឪពុក មានការព្រួយបារម្ភជាខ្លាំង តែទោះជាយ៉ាងណា លោក ហួរ ឡាវី បានបើកដៃសម្រាប់ វី ឌីណែត ជាកូនស្រីក្នុងការរើសគូស្រករ ។
កន្លងមកតារាចម្រៀង វី ឌីណែត ធ្លាប់បានប្រកាសថា នាងកំពុងមើលចិត្តថ្លើមគ្នាជាមួយបុរសម្នាក់ ប្រសិនបើទំនាក់ទំនងនោះល្អ នាងនឹងរៀបចំពិធីមង្គលការភ្លាម តែមកទល់ពេលនេះច្រើនឆ្នាំហើយនាងនៅតែមិនទាន់ដឹងដៃគួស្នេហ៍ចូលរោងការទៀត មើលទៅនាងនិងគូស្នេហ៍ហាក់បើដូចជាបែកគ្នាទៅហើយ ។
ជួបជាមួយតារាចម្រៀង វី ឌីណែត កាលពីពេលថ្មីៗនេះ នាងបានប្រាប់ថា នាង បានបើកទ្វារបេះដូងដែរ តែគ្មានអ្នកចូលសោះ ។
ទន្ទឹមនិងការប្រកាសបែបនេះ ស្រាប់តែលោក ហួរ ឡាវី ដែលជាឪពុករបស់ វី ឌីណែត បានតបទៅវិញថា លោកបើកដៃឱ្យកូនជ្រើសរើសគូស្រករ ដោយមិនមានការបង្ខិតបង្ខំឡើយ បើគាត់ស្រឡាញ់នរណា គឺស្រេចទៅលើគាត់ ប៉ុន្តែពេលនេះលោកចាស់ហើយ ចូលវ័យ ៧៩ ឆ្នាំហើយ ក៏ចង់ឃើញកូនស្រីរៀបការឆាប់ៗដែរ ។
បន្ទាប់ពីលឺលោកឪពុកនិយាយបែបនេះ តារាចម្រៀង វី ឌីណែត ហាក់ដូចជាអួលដើមក នាងថែមទាំងបាននិយាយថា នាងក៏ចង់រៀបការឆាប់ៗដែរ ប៉ុន្តែរកអ្នកដែលត្រូវចិត្តមិនទាន់ឃើញ ។
វី ឌីណែត ជាតារាចម្រៀង ស្រីល្បីឈ្មោះមួយរូបដែលអាចច្រៀងបទចម្រៀងបុរាណ និង សម័យ បានគ្រប់ទម្រង់ នាងគឺជាគ្រាប់ពេជ្ររបស់តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលបានខំប្រឹងបណ្តុះបណ្តាលកូនស្រីជាទីស្រឡាញ់ដើម្បីស្នងមរតក ។ វី ឌីណែត នៅមានក្តីសុបិនធំៗជាច្រើនដែលត្រូវធ្វើ ប៉ុន្តែអ្វីដែលនាងសប្បាយចិត្តបំផុត គឺឃើញលោកឪពុករបស់ខ្លួន មានសុខភាពល្អ និងនៅតែបន្តអាជីពចម្រៀងបាន ៕