មិនសរសើរមិនបាន ! ស្របពេលដែលយុវត្តី លី មួយលាង កំពុងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Teen International 2024 នៅប្រទេស ឥណ្ឌា ស្រាប់តែយុវត្តី លី មួយលាង បានយកកាបូបដៃតូច ធ្វើពីសូត្រប៉ាក់រូបអង្គរវត្តចែកជូនបេក្ខភាពបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងៗ ដើម្បីផ្សព្វផ្សាយពីប្រទេស កម្ពុជា ។
នៅសល់តែប៉ុន្មានថ្ងៃនេះ ការប្រកួត Miss Teen International 2024 ដែលរៀបចំឡើងនៅប្រទេស ឥណ្ឌា ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ហើយយុវត្តី លី មួយលាង ដែលតំណាងឱ្យ កម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធីធំប្រចាំឆ្នាំនេះ កំពុងតែសន្សំពិន្ទុតាមសកម្មភាពការងារផ្សេងៗ មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ។
យុវត្តី លី មួយលាង ហាក់ាមានកម្លាំងចិត្តខ្លាំងក្លា បន្ទាប់ពីឃើញមហាជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមគាំទ្រនាងយ៉ាងច្រើនកុះករ រហូតនាងបានប្តេជ្ញាចិត្តធ្វើឱ្យអស់ពេលសមត្ថភាព ដើម្បីដណ្តើមមកុដនៅក្នុងឆ្នាំនេះ ។
ទន្ទឹមនិងការបង្ហាញមុខជាមួយសកម្មភាពការងារផ្សេងៗនោះ យុវត្តី លី មួយលាង ក៏បានយកកាបូបដៃតូចច្នៃពីសូត្រប៉ាក់រូបអង្គរវត្ត ខ្មែរ ទៅចែកជូនជាកាដូអនុស្សាវរីយ៍សម្រាប់បេក្ខភាពមកពីបណ្តាប្រទេស ផ្សេងៗ ដើម្បីផ្សព្វផ្សាយពីប្រទេស កម្ពុជា ផងដែរ ។ ទង្វើររបស់ លី មួយលាង ដ៏ប្រពៃនេះ ពិតជាទទួលបានការចាប់អារម្មណ៍ និងការសរសើរច្រើនពីមហាជន រហូតម្នាក់ៗបានជូនពរ លី មួយលាង ជោគជ័យនៅលើឆាកអន្តរជាតិមួយនេះ ៕