ក្រសួង ថ្នាក់ដឹកនាំ ព្រមទាំងសិល្បករល្បីៗផ្ញើសាររំលែកទុក្ខ ចំពោះមរណៈភាពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

ក្រសួង ថ្នាក់ដឹកនាំ ព្រមទាំងសិក្បករល្បីៗ ព្រមទាំងប្រធានសមាគមសិល្បករ ខ្មែរ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណៈភាពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ក្នុងជន្មាយុ ៨០ ឆ្នាំ ។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្ញើសាររំលែកទុកចំពោះមរណៈភាព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

« តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមាន សេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មរតក មនុស្សរស់ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២:៥០នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ ។ ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យនិង ក្តីសង្វេគជាពន្លឹកជាមួយ លោកយាយ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ស្វាមីឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមរតកមនុស្ស រស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័ វប្បធម៌ចាប៉ីដងវែង តាមរយៈការសម្តែង បង្ហាត់បង្រៀនដល់កូនចៅ និងអ្នកដែលមានចិត្តចង់ថែរក្សានូវជំនាញដ៏ល្អ ផូរផង់នេះ » ។

ជាមួយគ្នា ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្ញើសាររំលែកទុក្ខនៃក្រុមគ្រួសាររបស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ផងដែរ «  ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ​មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាព ក្នុងជន្មាយុ ៨០ ឆ្នាំ ។ មរណភាពរបស់ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃគួរកោតសសើរ និងចងចាំសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក ។ ជាមួយនឹងអារម្មណ៍ដ៏អាឡោះអាល័យបំផុតនេះ​ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យ និងសូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យ​វោហារ គង់ ណៃបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំទាំងអស់គ្នាពិតជានៅចងចាំនូវស្នាដៃដែលលោកគ្រូព្រឹទ្ធាចារ្យបានបន្សល់ទុកជារៀងរហូត » ។

ក្នុងនោះសមាគមសិល្បករ ខ្មែរ ក៏បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃថា « តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ នៃសមាគមសិល្បករខ្មែរ យើងខ្ញុំពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:​ចំពោះកូនចៅគ្រប់ៗគ្នា។ ដោយឡែកសម្រាប់វិស័យសិល្បៈវប្បធម៌ជាតិវិញ អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ » ។

សិល្បករសិល្បការិនីជាច្រើនក៏បានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ផងដែរក្នុងនាមជាសិល្បករ ខ្មែរ ពិតជាសោកស្តាយជាពន់ពេក ចំពោះការបាត់បង់វិរៈសិល្បករ ព្រឹទ្ធាចារ្យ គង់ ណៃ ។ ដូចជា តារាចម្រៀង អ្នកនាង ខាត់ សុឃីម , សម្តែង នៅ សូនីតា , ចន ច័ន្ទលក្ខិណា , ម៉ាក់ សែមសូនីតា , តារាចម្រៀង លោក ខេមរៈ សិរិមន្ត , លោក គូម៉ា និង ណុប បាយ៉ារិទ្ធ ជាដើម…៕