សង្រ្គាមមរតក រវាងអតីតតារាកំប្លែង និងសម្តែងជើងចាស់ អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច និងឪពុកចុងរបស់ខ្លួនបានរុំារ៉ៃជាង ២ ឆ្នាំមកហើយនៅតែដោះស្រាយមិនទាន់ចប់ ដោយឡែកនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងមកនេះអតីតតារាកំប្លែងរូបត្រូវបានតុលាការកោះហៅជាលើកទី ៤ ដើម្បីជជែកគ្នា ជាលទ្ធផលនៅតែមិនទាន់ដោះស្រាយចប់ទៀត ។
តារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រីទូច បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ថា នេះជាលើកទី ៤ ហើយដែលអ្នកស្រីបានចូលមកតុលាការ ដើម្បីដោះស្រាយរឿងមរតក តែនៅតែដោះស្រាយមិនទាន់ចប់ទៀត ។ សម្រាប់អ្នកស្រីគឺពេលនេះត្រឹមតែ ផ្ទះ ២ ល្វែងនៅម្តុំទួលគោក និង ដីនៅពោធិសាត់ ប៉ុណ្ណោះ ចំណែកទ្រព្យសម្បត្តិផ្សេងៗទៀតតម្លៃរាប់លានដុល្លារនោះ គឺអ្នកស្រីមិនត្រូវការទេ ពីព្រោះអ្នកស្រីចង់ឱ្យរឿងនេះចប់ឱ្យបានឆាប់រហ័សបំផុត ។ ដូចដឹងស្រាប់ហើយថា កូនក្មួយរបស់អ្នកស្រីពេលនេះកំពុងរស់យ៉ាងលំបាក គ្មានផ្ទះសំបែងជ្រកកោណ រស់នៅផ្ទះជួល ជីវិតពិតជាវេទនាណាស់ ។
ថ្វីដ្បិតតែការជួបគ្នាលើកទី៤ នេះ បរាជ័យមិនទទួលបានលទ្ធផលល្អដូចដែលអ្នកស្រីនិងក្រុមគ្រួសារចង់បាន តែអ្នកស្រី ជុំ រស្មី ហៅ ស្រីទូច បានទុករឿងនេះឱ្យតុលាការជាអ្នកសម្រេច ។ រងចាំមើលថាតើតុលាការនិងសម្រេចបែបណាចំពោះអ្នកស្រីដែលជាកូនបង្កើតរូបនេះ ។
ចំពោះពេលវេលាជួបគ្នាជាថ្មីនៅតុលាការនោះ អ្នកស្រី ជុំ រស្មី នៅពុំទាន់ដឹងច្បាស់ថានឹងជួបគ្នានៅពេលណាមួយឡើយទេ ។ តែអ្វីដែលអ្នកស្រីរំពឹងនោះ គឺសង្ឃឹមថា តុលាការនិងផ្តល់ភាពយុត្តិធម៌ សម្រាប់អ្នកស្រី និងក្រុមគ្រួសារដែលបានស្រឡាញ់និងរស់នៅជាមួយម្តាយរបស់ខ្លួន មុននឹងម្តាយរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត ៕