ជួបថ្នាក់ដឹកនាំសមាគមរួច អ្នកច្នៃម៉ូដ ឯម រៀម ត្រៀមចូលរួមធ្វើការងារថ្នាក់ជាតិ ស្របពេលទទួលស្គាល់ពីការរិះគន់ និងស្នើសុំចិត្តមហាជន …! 

បន្ទាប់ពីមានការរិះគន់ធ្ងន់ធ្ងរទៅលើអ្នកច្នៃម៉ូដលោក ឯម រៀម ស្រាប់តែថ្មីៗនេះខាងថ្នាក់ដឹកនាំសមាគមសិល្បករ ខ្មែរ បានអញ្ជើញលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនិងស្នាដៃច្នៃម៉ូដរបស់លោក ។ ជាលទ្ធផល គឺលោក​ ឯម រៀម បានទទួលស្គាល់ពីកំហុសក៏ទទួលយកនូវការរិះគន់នោះ ប៉ុន្តែចុងក្រោយលោកបានសុំចិត្តមហាជនយ៉ាងដូច្នេះ ។ 

កាលពីថ្ងៃទី ១២ ខែ មិថុនា កាលពីម្សិលមិញនេះ លោក ឯម រៀម ត្រូវបានខាងសមាគមសិល្បករ ខ្មែរ អញ្ជើញរូបលោកដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនិងរឿងច្នៃម៉ូដដែលមានលក្ខណៈសិចស៊ីខ្លាំង ដែលធ្វើឱ្យមហាជនមានការរិះគន់យ៉ាងធ្ងន់ធ្ងរកាលពីពេលកន្លងមក ។ 

អ្នកច្នៃម៉ូដលោក ឯម រៀម បានទទួលស្គាល់ពីកំហុស ក៏ដូចជាការរិះគន់របស់មហាជនមកលើរូបលោក ហើយលោកយល់ព្រមកែលម្អ និងសន្យាថា មិនឱ្យមានរឿងរ៉ាវបែបនេះកើតឡើងទៀតទេ ។ ជាមួយនិងការទទួលកំហុសនេះលោក ឯម រៀម ក៏សង្ឃឹមថា មហាជនទូទៅ និងយោគយល់ ព្រមទាំងបើកចិត្តឱ្យទូលាយ និងទទួលយកនូវការច្នៃប្រឌិតរបស់លោកផងដែរ ជាពិសេសកុំមើលងាយ ឬប្រើពាក្យសម្តីមិនសមរម្យចំពោះរូបលោកដែលមានរូបរាងកាយបែបនេះ ។ 

លោក ឯម រៀម បានឱ្យដឹងថា បន្ទាប់ពីជួបថ្នាក់ដឹកនាំសមាគមសិល្បករ ខ្មែរ រួច លោកមានគម្រោងការងារធំជាមួយសមាគមនៅថ្ងៃទី ១៧ នេះ ដើម្បីធ្វើការងារថ្នាក់ជាតិរួមគ្នា ដូច្នេះរងចាំមើលទាំងអស់គ្នាថា​ តើជាការងារអ្វី ? 

លោក ឯម រៀម គឺជាអ្នកច្នៃម៉ូដដ៏មានទេពកោសល្យ ដែលបានសិក្សាមកពីក្រៅប្រទេសផងដែរ ។ លោកចូលចិត្តច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗរាល់ពេលចូលរួមកម្មវិធីធំៗជាច្រើន កន្លងមកលោកក៏បានយកស្នាដៃគំនូរបស់ខ្លួនដាក់លក់ ដើម្បីរកប្រាក់ចំណេញផងដែរ បន្ទាប់ពីបានខំប្រឹងប្រែងធ្វើការងារនេះអស់ពេលជាច្រើនឆ្នាំ ។ 

លោក ឯម រៀម ធ្លាប់បានប្រាប់ថា ផ្ទាំងគំនូដែលលោកគូ គឺមានតម្លៃថ្លៃបន្តិច ហើយក៏ពិបាកនៅក្នុងការលក់ដែរ ប៉ុន្តែការងារនេះលោកមិនបានបោះបង់ចោលឡើយ លោកនៅតែបន្តដាក់លក់គំនូរបស់ខ្លួន​ ដើម្បីរកប្រាក់ចិញឹមជីវិត ៕