ស្របពេលផ្ទុះការប្រកួតឈុតតំណាងជាតិ ស្រាប់តែស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បានចេញមុខប្រកាសជាសាធារណៈថា មិនបានលក់មកុដឱ្យបេក្ខភាពណាមួយទេ ។
នៅសល់តែ ២ វគ្គធំៗទៀត ការប្រកួត Miss Grand Cambodia 2024 ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ជាក់ស្តែងនៅក្នុងការប្រកួតឈុត តំណាងជាតិកាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងមកនេះ គឺផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារតែ ឈុតតំណាងជាតិនៅក្នុងឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ហើយអ្នករចនាម៉ូដសុទ្ធតែមានស្នាដៃល្អៗ ។ ចំណែកបេក្ខភាពទាំង ២៨ រូប បានប្រឹងប្រែងនិងបញ្ចេញអស់ពីសមត្ថភាពដើម្បីទទួលបានពិន្ទុល្អពីគណកម្មការ ។
អ្វីដែលកាន់តែពិសេសនៅក្នុងការប្រកួត Miss Grand Cambodia 2024 នេះគឺបេក្ខភាពដែលបានចូលទៅដល់ Top គឺអាចគ្រងមកុដធំៗចំនួន ៣ ផ្សេងទៀត ដើម្បីចេញទៅប្រទេសក្នុងកម្មវិធីធំៗនៅក្រៅប្រទេស ដូចជាកម្មវិធី Miss Grand International , កម្មវិធី Miss Intercontinental និងកម្មវិធី Miss Cosmo …។
ទន្ទឹមនិងការប្រកួតឈុតតំណាងជាតិនេះ លោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ជាថ្មីម្តងទៀតថា ស្ថាប័ន Miss Grand Cambodia មិនបានលក់មកុដសម្រាប់បេក្ខភាពរូបណាមួយទេ ប្រសិនបើបេក្ខភាពរូបនោះមានសមត្ថភាព និង ត្រូវនូវអ្វីដែលគណកម្មការចង់បាន គឺគាត់ទទួលបានមកុដយ៉ាងសុក្រិតពីកម្មវិធីផងដែរ ។ មូលហេតុដែលលោកស្រី អ៊ឹម សុគន្ធា ចេញមុខបញ្ជាក់បែបនេះ បន្ទាប់ពីមានពាក្យចចាមអារម្មណ៍ថា ការប្រកួត Miss Grand Cambodia 2024 ត្រូវបានគេកំណត់ និងជ្រើសរើសបេក្ខភាពសម្រាប់គ្រងមកុដរួចហើយ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះស្ថាប័ន Miss Grand Cambodia បានចំណាយថវិការរៀបចំកម្មវិធីអស់ប្រមាណ ៣០ ម៉ឺនដុល្លារ បើធៀបទៅនឹងឆ្នាំមុន គឺលើសគ្នាបន្តិចបន្តួច ប៉ុន្តែសម្រាប់កម្មវិធីប្រកួតនៅក្នុងឆ្នាំនេះ មានលក្ខណៈពិសេសជាច្រើន ដែលទាក់ចិត្តមហាជន ៕