ជីវិតស្នេហាតារាកូនកាត់ ខ្មែរ អាល្លឺម៉ង់ ម៉ៃយ៉ា និងគូស្នេហ៍ភេទដូចគ្នាកំពុងមានក្តីសុខយ៉ាងពេញលេញ បន្ទាប់ពីបានសាងគ្រួសារនិងគ្នាអស់ពេលជាង ៤ ឆ្នាំ ហើយនាងថែមទាំងត្រៀមយកកូនទី ២ ដើម្បីពង្រើកសមាជិកនៅក្នុងគ្រួសារ ។
ជួបជាមួយតារាកូនកាត់ ខ្មែរ អាល្លឺម៉ង់ ម៉ៃយ៉ា កាលពីពេលថ្មីៗនេះ នាងបានរៀបរាប់ប្រាប់ថា នាងបានវិលត្រឡប់ចូលសិល្បៈវិញតាំងពីនាងសម្រាលកូនបាន ១ ខែ មកទល់ពេលនេះកូនស្រីរបស់នាង មានវ័យជាង ៨ ខែហើយ ហើយនាងក៏ចាប់ផ្តើមទទួលការងារច្រើនជាងមុន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមជួយគ្រួសារ ។
ជាមួយគ្នានេះផងដែរតារាកូនកាត់ ម៉ៃយ៉ា ក៏បានបង្ហើបប្រាប់ពីសុភមង្គលរបស់ខ្លួនជាមួយដៃគូរបស់ខ្លួនថា ដៃគូរបស់នាងមិនមែនជាមនុស្សប្រចណ្ឌច្រើននោះទេ ពួកយើងទុកចិត្តគ្នាទៅវិញទៅមក ហើយស្រឡាញ់គ្នាចិត្តនិងចិត្ត ពួកយើងស្មោះត្រង់និងគ្នា ផ្តល់ទំនុកចិត្តដល់គ្នាទៅវិញទៅមក ទើបពួកយើងអាចរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល ។
ម៉ៃយ៉ា គឺជាតារាស្រីមួយរូបដ៏ក្លាយហាន នាងមិនខ្លាចក្នុងការប្រកាសថានាងស្រឡាញ់ភេទដូចគ្នាទេ មិនតែប៉ុណ្ណោះនាងថែមទាំងបានពពោះសម្រាលបានកូនស្រីជាទីស្រឡាញ់ម្នាក់តាមបច្ចេកទេសសម័យថ្មី ដោយចាក់មេជីវិត ។ ម៉ៃយ៉ា ក៏ត្រៀមនឹងយកកូនទី ២ បន្ថែមទៀត ដើម្បីកុំឱ្យកូនស្រីរបស់ខ្លួនអផ្សុក ប៉ុន្តែចំពោះពេលវេលាច្បាស់ក្នុងការយកកូនទី ២ នៅពុំទាន់ច្បាស់នៅឡើយទេ ដោយសារនាងចង់ពង្រឹងការងារឱ្យល្អប្រសើរជាងនេះ ។
ចំពោះការត្រៀមយកកូនទី ២ នេះ ម៉ៃយ៉ា នៅតែប្រើវិធីបញ្ចូលមេជីវិតដូចកូនទី១ ដែរ ដោយសារតែ នាងនិងដៃគូគឺជាស្រីដូចគ្នា ដូច្នេះត្រូវប្រើបច្ចេកទេសសម័យថ្មីជួយទើបបាន ។
ថ្វីដ្បិតតែតារាកូនកាត់ ខ្មែរ អាល្លឺម៉ង់ ម៉ៃយ៉ា បានសម្រេចចិត្តរួមរស់ជាមួយដៃគូខ្លួនរហូតមានកូនជាមួយគ្នា ប៉ុន្តែនាងពុំទាន់បានរៀបចំកម្មវិធីពិសេសអញ្ជើញមិត្តសិល្បករចូលរួមនៅឡើយទេ ។ ម៉ៃយ៉ា បានប្រាប់ថា នាងក៏ចង់រៀបចំកម្មវិធីពិសេសទៅតាមប្រពៃណីដែរ ប៉ុន្តែពុំទាន់មានឱកាសល្អ ចាំមើលបន្តិចទៀត នាងនឹងរៀបចំកម្មវិធីឱ្យកក្រើកពិភពសិល្បៈតែម្តង ៕