អ្នកគាំទ្រច្បាស់ជាលើសជាតិស្ករហើយ បន្ទាប់ពីឃើញតារាសម្តែង លី ម៉ារីណា ប្រកាសថា ចំណងស្នេហ៍ខ្លួនចាស់មែន តែ ផ្អែមល្ហែម និង ស្វីត មិនចាញ់យុវវ័យឡើយ ជាពិសេសនាងត្រៀមខ្លួនយកកូនភ្លោះដើម្បីបំពេញបំណងស្វាមីផងដែរ ។
បន្ទាប់ពីរៀបការរួច តារាសម្តែង លី ម៉ារីណា កាន់តែកក់ក្តៅចិត្ត បន្ទាប់ពីស្វាមីបានដឹកដៃនាងទៅចុះអេតាស៊ីវិលតាមផ្លូវ និងប្រកាសជាសាធារណៈពីទំនាក់ទំនងនោះ ខុសប្លែកពីអាពាហ៍ពិពាហ៍ចំនួន ២ លើកកន្លងមក គឺនាងពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ ។
តារាសម្តែង លី ម៉ារីណា ទើបតែឆ្លងថ្ងៃកំណើតវ័យ ៤៣ ឆ្នាំរបស់ខ្លួនយ៉ាងសប្បាយរីករាយ ជាមួយស្វាមី ។ បំណងប្រាថ្នាធំរបស់នាងក្នុងឆ្នាំនេះ គឺមានជីវិតថ្មី ព្រមទាំងត្រៀមយកកូនភ្លោះ ដើម្បីបំពេញបំណងស្វាមី ក៏ដូចជាខ្លួនឯង ។
ជួបជាមួយតារាសម្តែងកូនមួយ លី ម៉ារីណា នៅក្នុងពីធី « ស្នងមរតក » កាលពីពេលថ្មីៗនេះ នាងបានញ្ជាក់ប្រាប់ « ការពិត » ថា បំណងប្រាថ្នាធំដែលចង់មានជីវិតថ្មីដែលស្រស់ថ្លា គឺនាងទទួលបានហើយបន្ទាប់ពីនាងរៀបការរួច ចំណែករឿងយកកូនភ្លោះនៅពុំទាន់សម្រេចនៅឡើយទេ ដោយសារនាងកំពុងយកកូនតាមបែបធម្មជាតិ ប៉ុន្តែបើក្នុងករណីចាំយូរពេក ហើយមិនទាន់មានដំណឹងល្អ នាងនឹងស្វែងរកវិធីសាស្រ្តសម័យថ្មីដើម្បីជាជំនួយ ។
លី ម៉ារីណា និងស្វាមី មានបំណងចង់បានកូនជាច្រើននាក់បន្ថែមទៀតថា បើទោះបីជាបច្ចុប្បន្ន ស្វាមីរបស់នាងមានកូនស្រីធំពេញម្នាក់ ហើយនាងក៏មានកូនប្រុសម្នាក់រួចក្តី អ្នកទាំងពីរនៅតែសង្ឃឹមថា នឹងបានកូនជាច្រើននាក់បន្ថែមទៀត ។
ទន្ទឹមនិងការបង្ហាញនូវបំណងប្រាថ្នាទាំងនោះ តារាសម្តែង លី ម៉ារីណា ក៏បានអះអាងថា ទំនាក់ទំនងនាង និងស្វាមី នៅតែផ្អែមល្ហែម ស្វីត ដូចជាយុវវ័យដែរ បើទោះបីជានាងនិងស្វាមីមានវ័យច្រើនក៏ពិតមែន តែអ្នកទាំងពីរមិនបានបណ្តោយខ្លួនឱ្យចាស់ទៅតាមវ័យឡើយ ។ សូម្បីពេលធ្វើការងារឆ្ងាយពីគ្នា អ្នកទាំងពីរតែងតែ ខល ឬ ឆាត រកគ្នា ដើម្បីដឹងសុខទុក្ខពីគ្នាទៅវិញទៅមក ចំនុចទាំងនេះហើយ ដែលធ្វើឱ្យនាងកាន់កក់ក្តៅ និង មានក្តីសុខ ៕