ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត អ្នកស្រី ម៉ៅ ចំណាន បង្ហាញផែនការចំនួន៦សម្រាប់សមាគមសិល្បករខ្មែរអាណត្តិទី៦

អ្នកស្រី ម៉ៅ ចំណាន បានលើកឡើងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអាណាព្យាបាលជំនាញ ក្នុងគោលបំណងអភិរក្ស អភិវឌ្ឍ និងលើកស្ទួយវប្បធម៌សិល្បៈជាតិខ្មែរ សមាគមសិល្បករខ្មែរ មានចក្ខុវិស័យក្នុងការ រួបរួមគ្នារបស់សិល្បករខ្មែរដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ។

ក្នុងពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ អ្នកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ថ្លែងថា សមាគមបានដាក់ចេញផែនការសកម្មភាពសម្រាប់អាណត្តិទី ៦ ចំនួន ៥ចំណុច ក្នុងនោះមាន ទី១. លើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ទី២. កៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសក្នុងការជួយដល់ការលើកស្ទួយ សិល្បៈវប្បធម៌ ទី៣. ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ។

ទី៤. បញ្ចូលវិស័យវប្បធម៌សិល្បៈទៅក្នុងប្រព័ន្ធទំនើបកម្មបែបបច្ចេកវិទ្យា Digital ដើម្បីជំរុញការផ្លាស់ប្តូរ វប្បធម៌សិល្បៈគ្នាទៅវិញទៅមកក្នុងប្លុកអាស៊ាន និងតំបន់ដទៃទៀតក្នុងពិភពលោក និង ទី៥. សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាលជាដើម។

ជាមួយគ្នានេះ អ្នកស្រីក៏បានប្រកាសពីការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរក្នុងអាណ្ណតិទី ៦ ដោយបញ្ជាក់ថា ពិតមែនតែធំធេងអាចលើសអំពីសមត្ថភាព និងលទ្ធភាពបច្ចុប្បន្ន ក៏ប៉ុន្តែសមាគមនឹងខិតខំបំពេញមហិច្ឆតានៃគោលបំណងនេះឱ្យបានជាបន្តបន្ទាប់ ព្រោះសមាគមមានជំនឿជាក់ទៅលើសមាជិកនៃក្រុមប្រឹក្សាភិបាលដែលមានសមាសសភាពមកពីអន្តរវិស័យ ពាក់ព័ន្ធ គណកម្មការប្រតិបត្តិ និង ទីប្រឹក្សាល្អៗជាច្រើនរបស់សមាគមដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងមានឆន្ទៈរួមដូចគ្នា ព្រមទាំងមានសមាជិកសិល្បករជាច្រើនដែលជាកម្លាំងសាមគ្គីមិនអាចខ្វះបាន ជាពិសេសទៀតនោះ សមាគមសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនជាច្រើនដែលបន្តជួយគាំទ្រដើម្បីជួយ ឱ្យសមាគមសិល្បករខ្មែរ អាចបំពេញបេសកកម្មដ៏ធំធេងជូនជាតិ និងរាជរដ្ឋាភិបាល។

ក្នុងឪកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយមានជំនឿថា “នាថ្ងៃអនាគតដ៏ខ្លី សមាគមនឹងបន្តក្លាយជាថ្នាល សម្រាប់ការបណ្តុះបណ្តាល, ផ្ទេរចំណេះដឹង, បទពិសោធ ពីសិល្បកររៀមច្បង មកសិល្បករ បន្តវេន”។

សម្តេចធិបតីក៏បានលើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រង ជាសមាគម ឬចូលជាសមាជិកសមាគមសិល្បៈដើម្បីប្រសិទ្ធភាព នៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាម ប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង៕