សមាគមសិល្បករខ្មែរ បានរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងព្រះវត្តមាន និងវត្តមានរបស់សម្តេចគណៈអធិបតី ភ្ញៀវកិត្តិយស សិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកជំនួញ ចូលរួមសរុបប្រមាណជិត ៣០០០នាក់ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគូសបញ្ជាក់ថា កម្មវិធីដែលរៀបចំឡើងថ្ងៃនេះក្រោមប្រធានបទ «អ្នកស្នងមរតក» គឺជាការចងចាំនិងដឹងគុណដល់គ្រប់ស្ថាបនិកសមាគម និងសិល្បកររៀមច្បងគ្រប់ជំនាន់ ហើយក៏ជាសក្ខីភាពនៃការចាប់ផ្តើមនូវការកសាងធនធានសិល្បករជំនាន់ថ្មី ពីព្រឹទ្ធសិល្បករដែលជារៀមច្បង ក្នុងក្តីរំពឹងថា សិល្បៈវប្បធម៌ខ្មែរ នឹងបន្តអត្ថិភាពជានិច្ចនិរន្តន៍។
ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានសម្តែងការដឹងគុណចំពោះសិល្បកររៀមច្បង និងបានប្តេជ្ញាចិត្តចូលរួមជាមួយមិត្តភក្តិ និងបងប្អូនសិល្បករ ដើម្បីរិះរកវិធីជំរុញឱ្យសិល្បៈវប្បធម៌ខ្មែររក្សាបាននូវភាពគង់វង្សយូរ អង្វែង និងបន្តធ្វើទំនើបកម្មសិល្បៈវប្បធម៌ដោយធ្វើយ៉ាងណាឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត តាមរយៈការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ក្នុងពេលបច្ចុប្បន្ន និងនៅពេលអនាគត។
អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានបន្ថែមថា ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលមិនត្រឹមតែមិនមាន ឱកាសកសាងធនធានសិល្បករប៉ុណ្ណោះទេ ប៉ុន្តែក៏បានបាត់បង់សិល្បករល្បីៗ អ្នកនិពន្ធ អ្នកសម្តែង និង អ្នកចម្រៀង ដែលអ្នកទាំងនោះត្រូវផ្ទេរចំណេះ ជំនាញ និង ទេពកោសល្យ ដល់សិល្បករជំនាន់ក្រោយ។ កម្មវិធីអ្នកស្នងមរតកនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការគិតគូររបស់សមាគមសិល្បករខ្មែរ ដោយផ្តោតលើការរក្សាចាស់ បង្កើតថ្មី និងអភិវឌ្ឍ។
គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងនៅឆ្នាំ២០០៦ មកដល់ពេលនេះមានរយៈពេល ១៧ឆ្នាំ មកហើយ ។ គិតមកដល់ពេលនេះមានរយៈពេល ៦ អាណត្តិ ក្នុងនោះសមាគមសិល្បករខ្មែរ អាណត្តិទី ១ ដឹកនាំដោយលោក អៀង ស៊ីធុល ,អាណត្តិទី២ ដោយ លោក មិញ សុធីវណ្ណ , អាណត្តិទី ៣ និងទី៤ ដោយលោក សុះ ម៉ាច, អាណត្តិទី ៥ ដោយលោកជំទាវ ចន ច័ន្ទលក្ខិណា និង អាណត្តិទី ៦ ដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ៕ អត្ថបទ៖ ពុទ្ធិកា