អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារ ឧបត្ថម្ភថវិកា ១០លានរៀលក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ អគ្គនាយកផលិតកម្ម Galaxy Navatra ​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១០លានរៀលក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ ដើម្បីចូលរួមចំណែក​ជួយ​សម្រាលទុក​លំបាករបស់សិល្បករចាស់ជរា និងសកម្មភាពសង្គមរបស់សមាគម​ផ្សេងៗទៀត។

សមាគមសិល្បករខ្មែរ បច្ចុប្បន្ន​ដឹកនាំ​ដោយ​ប្រធានថ្មី​ដែល​ទើប​ជាប់ឆ្នោត​គឺ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ដែល​បាន​ជាប់ឆ្នោត​ អាណត្តិទី៦ ក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធាន​សមាគម​រៀបចំដោយគណៈកម្មការដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់​អាណត្តិទី៦នេះ លោកជំទាវ​អ្នកឧកញ៉ា នឹង​ដឹកនាំ​សមាគម​សិល្បករខ្មែរ ចាប់ពី​ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។

អ្នកឧកញ៉ា ម៉ៅ ចំណាន ធ្លាប់បាន​បញ្ជាក់ឱ្យដឹងថា សមាគមកំពុងរៀបចំ​កែសម្រួលលក្ខន្តិកៈនៃបទបញ្ជាផ្ទៃក្នុង រៀបចំផែនការជាទស្សនវិស័យ និងចក្ខុវិស័យ ដើម្បីឧត្តមភាពរបស់សិល្បៈខ្មែរ រួមទាំងវប្បធម៌ខ្មែរនៅលើឆាកជាតិ និងឆាកអន្តរជាតិ។ 

ទន្ទឹមគ្នានេះ អ្នកឧកញ៉ាប្រធាន​ក៏បានប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិក រួមទាំងស្វែងរក​សប្បុរសជនឱ្យ​ជួយដល់សកម្មភាពសិល្បៈ និងកិច្ចការសង្គម ដើម្បីរួមចំណែកលើកកម្ពស់​សីលធម៌សង្គម និង​ក្រម​សីលធម៌វិជ្ជាជីវៈរបស់សិល្បករ ព្រមទាំង​ការកៀរគរ​រក​មូលនិធិ ដើម្បីទ្រទង់​សមាគម និងដើម្បីឱ្យសមាគម​អាច​​ធ្វើសកម្មភាព​ជាប្រយោជន៍​​ដល់​សិល្បករ​ជំនាន់​មុនៗ​ដែល​អសមត្ថភាព​ ឬសិល្បករ​ចាស់ៗ​ដែលបាន​សន្សល់​កេរ្តិ៍មរតកស្នាដៃ៕