តារាល្បីៗជាច្រើនដែលបានចូលរួមសម្ពោធ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបណ្តើរគ្នាជាគូជាមួយដៃគូទៅចូលរួមគ្រប់ៗគ្នា ដោយឡែកក្រឡេកមកមើលតារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលីកា វិញ បានបណ្តើរកូនប្រុសជាទីស្រឡាញ់ចូលរួមតែពីរនាក់យ៉ាងកំសត់បំផុត ។
តារាចម្រៀង ពេជ្រ សូលីកា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុតសម្លៀកបំពាក់បុរាណ រួមជាមួយកូនប្រុសជាទីស្រឡាញ់របស់ខ្លួន ។ មិត្តភក្តិសិល្បៈជាច្រើនដែលបានចូលរួមនាថ្ងៃនោះម្នាក់ៗបានចោទជាសំណួរទៅកាន់តារាចម្រៀងស្រីរូបនេះថា តើមកជាមួយនរណា ? មើលទៅដូចជាកំសត់ណាស់មកតែជាមួយកូនប្រុសតែពីរនាក់ឬ ?
តារាចម្រៀង ពេជ្រ សូលីកា ហាក់ទំលាក់ទឹកមុខបន្តិច រួចតបដោយញញឹមថា មកជាមួយកូនតែពីរនាក់ទេ មានរឿងអ្វីមិនល្អនោះ ។ ពេជ្រ សូលីកា ក៏មិនបានចាប់អារម្មណ៍ពីក្រសែភ្នែកអ្នកជុំវិញខ្លួនដែលបានចោលមកមើលនាងឡើយ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយនិងការចូលរួមជាមួយកូនប្រុសជាទីស្រឡាញ់ ។
តារាចម្រៀង ពេជ្រ សូលីកា បានរស់នៅជាស្រ្តីមេម៉ាយច្រើនឆ្នាំមកហើយ មកទល់ពេលនេះនាងនៅពុំទាន់បង្ហាញមុខមាត់គូស្នេហ៍ថ្មីរបស់ខ្លួនឱ្យមហាជនបានដឹងលឺនៅឡើយទេ បើទោះបីជាមិត្តភក្តិ ក្នុងពិភពសិល្បៈមួយចំនួនដែលស្និទ្ធជាមួយនាងបានដឹងថា នាងមានដៃគូថ្មី ជាបុរសសង្ហា និង ជាអ្នកមានទ្រព្យ តែនាងព្យាយាមលាក់បាំង ។
តារាចម្រៀង ពេជ្រ សូលីកា សុំមិននិយាយពីរឿងអ្វីទាំងអស់ជាពិសេសរឿងរ៉ាវឯកជនរបស់ខ្លួន អ្វីដែលសំខាន់នៅចំពោះមុខនោះ គឺខំប្រឹងធ្វើការងារឱ្យបានល្អ រកប្រាក់ចំណូលឱ្យបានច្រើនដើម្បីចិញ្ចឹមគ្រួសារ និងកូនប្រសជាទីស្រឡាញ់ ៕