ខកខានក្នុងសិល្បៈជាង ២ ឆ្នាំ ទឹម រដ្ឋា ពង្រើកអាជីវកម្មបានដល់ទៅ ៣ កន្លែង និងត្រៀមយកសមាជិកថ្មីបន្ថែមទៀត ! 

បន្ទាប់ពីខកខានបង្ហាញខ្លួនក្នុងសិល្បៈជាង ២ ឆ្នាំ តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា បានងាកទៅពង្រឹងអាជីវកម្មធំៗ ៣ កន្លែងរួមជាមួយស្វាមី មុននឹងនាងសម្រេចចិត្តយកកូនទី ២ ជាបន្តទៀត ។  

ពេលនេះកូនស្រីជាទីស្រឡាញ់របស់តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា មានវ័យ ១ ឆ្នាំ ២ ខែ ហើយ នាងនៅតែមិនទាន់វិលត្រឡប់មកកាន់វិស័យសិល្បៈវិញ បើទោះបីជាសុខភាពរបស់នាងបានល្អប្រសើរឡើងវិញហើយក្តី ។ 

ជួបជាមួយតារាសម្តែង ទឹម រដ្ឋា នៅក្នុងពិធីសម្ពោធ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា រូបរាង និង សម្រស់ ទឹម រដ្ឋា បានវិលត្រឡប់មកដូចដើមវិញហើយ ជាពិសេសនៅពេលដែលនាងគ្រងឈុតសម្លៀកបំពាក់ច្នៃពី ហូលអក្សរ ខ្មែរ កាន់តែធ្វើឱ្យសម្រស់នាងលេចត្រដែតឡើង ។ 

ទឹម រដ្ឋា បានប្រាប់ថា នាងបានវិលត្រឡប់មកកាន់វិស័យសិល្បៈវិញហើយ គ្រាន់តែមិនទាន់ទទួលការងារច្រើនដូចមុន ដោយសាររវល់មើលកូនផង និង រវល់ការងាររកស៊ីជាមួយស្វាមីផង ។ មកទល់ពេលនេះអាជីវកម្មរកស៊ីរបស់ស្វាមីនាងបានបើករហូតដល់ទៅ ៣ កន្លែងផ្សេងគ្នា គឺមមាញឹកច្រើន ណាមួយកូនស្រីនៅក្មេងផង មិនទាន់ហ៊ានដើរចោលគាត់យូរទេ ។ 

ទន្ទឹមនិងការពង្រឹងអាជីវកម្មរកស៊ីរបស់ខ្លួនជាច្រើនកន្លែង តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា មានគម្រោងនឹងយកកូនទី ២ ជាបន្តទៀត ក្រោយកូនស្រីរបស់នាង មានវ័យ ១ ឆ្នាំ ២ខែ ។ ទឹម រដ្ឋា បានបន្តថា នាងសង្ឃឹមថា នឹងមានកូនទី ២ ក្នុងពេលឆាប់ៗខាងមុខ ដោយសារតែស្វាមីនិងក្រុមគ្រួសារនាងចង់បានកូនច្រើន ណាមួយនាងមិនបានប្រើប្រាស់វិធីពន្យាកំណើតណាមួយនោះទេ ។ ទឹម រដ្ឋា កាន់តែទទួលបានក្តីស្រឡាញ់ ថ្នាក់ថ្នមពីស្វាមីរបស់ខ្លួន បន្ទាប់ពីទទួលបានកូនស្រីម្នាក់ជាចំណងដៃ នាងនឹងស្វាមី មានគម្រោងបើកអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនប្រាក់ចំណូល ៕