ទទួលពានរង្វាន់ពីប្រទេស សឹង្ហបុរី ភ្លាម តារាសម្តែង ស៊ីន យូប៊ីន ពោលពាក្យអរគុណចំពោះអ្នកស្អប់ !

ពិតជាប្លែកខ្លាំងណាស់ បន្ទាប់ពីទទួលពានរង្វាន់នៅប្រទេស សឹង្ហបុរី ភ្លាម តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានពោលពាក្យ អរគុណចំពោះអ្នកស្អប់ ដែលបានជំរុះឱ្យនាងឈានជើងដូចសព្វថ្ងៃនេះ ។ 

ស្របពេលដែលតារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិនៅក្នុងទីក្រុង កាន ប្រទេស បារាំង នាពេលកន្លងមកនាងទទួលបានទាំងការសរសើរ និង ការរិះគន់ ប៉ុន្តែការរិះគន់ដ៏ខ្លាំងៗនោះបានធ្វើឱ្យ ស៊ីន យូប៊ីន ក្តៅឆេះឆួលក្នុងចិត្តមិនតិចទេ តែនាងព្យាយាមសម្រួលចិត្ត និងបកស្រាយតាមធម្មតាៗ …។ 

ដោយឡែកនៅពេលដែលចេញទៅទទួលពានរង្វាន់នៅប្រទេស សឹង្ហបុរី នៅក្នុងកម្មវិធី The HOFS Award 2024 ស្រាប់តែ ស៊ីន យូប៊ីន បានបង្ហោះសារដោយបង្កប់ដោយអត្ថន័យជ្រាលជ្រៅថា « 

Inspirational women hall of fame award ពានរង្វាន់​នេះ​ផ្តល់ដល់អ្នកដែល​មាន​ទេព​កោសល្យច្រើនផ្នែកនិង​មានសមិទ្ធិផលការងារ​ដែល​គេ​ទទួលស្គាល់ច្រើន​ ព្រមទាំងជាបុគ្គលដែលធ្វើជាគំរូរដល់អ្នកដទៃ ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ខ្ញុំ​ដែល​បាន​ឈរ​លើ​ឆាក​ដ៏​មាន​កិត្យានុភាព​នេះ។ សូមថ្លែងអំណរគុណចំពោះ HOFS ប្រទេសសឹង្ហបុរី ដែលផ្តល់កិត្តិយសដល់ខ្ញុំ និងបានឃើញការខិតខំប្រឹងប្រែង និងសមិទ្ធផលការងាររបស់ខ្ញុំកន្លងមកពានរង្វាន់នេះមានន័យណាស់សម្រាប់ខ្ញុំ។ អរគុណ hater អ្នក​បាន​រួមចំណែកជួយ​ខ្ញុំ​ជោគជ័យ​រហូត​ដល់​ចំណុច​នេះរាល់ជំហាននៃភាពជោគជ័យរបស់ខ្ញុំគឺបានមកពីពាក្យរិះគន់របស់អ្នក ការរើសអើង និងការស្អប់របស់អ្នក ព្រោះខ្ញុំ​យក​វា​ជា​ការ​លើក​ទឹក​ចិត្ត និង​រំលឹក​ខ្លួន​ឯង​គ្រប់​ពេលអោយខិតខំមិនខ្លាចហត់នឿយឡើយ។ កាន់តែថាខ្ញុំកាន់តែធ្វើខ្ញុំកាន់តែជោគជ័យ អរគុណ »។

កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្តែងល្បីឈ្មោះមួយរូបដែលបាននាំ កម្ពុជា ទៅលើឆាកអន្តរជាតិ ច្រើនជាងគេ ហើយនាងក៏បានធ្វើឱ្យពិភពលោកកាន់តែស្គាល់ កម្ពុជា ច្រើនឡើង ។ កញ្ញា ស៊ីន យូប៊ីន នៅតែអះអាងថា នាងនឹងប្រឹងប្រែងធ្វើការងារដែលផ្តល់ប្រយោជន៍ដល់សង្គមជាតិ ទៅតាមលទ្ធភាពដែលខ្លួនមាន ៕