ក្រុមបាល់ទាត់ តារាកម្ពុជា ត្រៀមបញ្ចេញសមត្ថភាពថ្មីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ « កម្ពុជាស្អាត និង សប្បុរសធម៌ »

ក្រុមបាល់ទាត់ តារាកម្ពុជា ត្រៀមនឹងបញ្ចេញសមត្ថភាពថ្មីមួយទៀតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ « កម្ពុជាស្អាត និង សប្បុរសធម៌ » ។ កម្មវធីនឹងរៀបចំឡើងនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីលានបាល់ទាត់វិទ្យាល័យពញ្ញាក្រែក ស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។ 

លោក ខេម និងក្រុមបាល់ទាត់ តារាកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ « កម្ពុជាស្អាតនិង សប្បុរសធម៌ » ។ លោក ខេម ប្រធានក្រុមបាល់ទាត់ តារាកម្ពុជា បាននិយាយថា អ្នកត្បូងឃ្មុំ ចាំទទួលពួកយើងផង ថ្ងៃទី០៥.០៦.២០២៤ ប្រកួតបាល់ទាត់សប្បុរសធម៌ក្រោមមូលបទ កម្ពុជាស្អាត និង សប្បុរសធម៌ប្រទេសស្អាតបរិស្ថានស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា ។

ក្រុមបាល់ទាត់ តារាកម្ពុជា កាន់តែល្បីឈ្មោះបន្ទាប់ពី ប្រកូតបាល់ទាត់សប្បុរសធម៌ដែលរកថវិកាបានរាប់លានដុល្លារ កាលពីដើមខែ ឧសភា កន្លងមកនេះ ។

លោក ខេម បានអំពាវនាវឱ្យបងប្អូនប្រជាជននៅក្នុងខេត្ត ត្បូងឃ្មុំចូលរួមគាំទ្រការប្រកួតនោះឱ្យបានច្រើន ពីព្រោះការប្រកួតនោះពុំមានការលក់សំបុត្រនោះទេ គឺទស្សនិកជនអាចចូលរួមទស្សនាដោយសេរី នៅទីលានបាល់ទាត់វិទ្យាល័យ ពញ្ញាក្រែក ។

សម្រាប់ការប្រកួតនេះ លោក ខេម ក៏ពុំទាន់ដឹងច្បាស់ថា អាចនឹងរកថវិការបានកម្រិតណាដែរ តែលោកសង្ឃឹមថា នឹងមានការចូលរួមជួយច្រើនពីសប្បុរសជននានា ដើម្បីការងារសប្បុរសធម៌ ៕