អាពាហ៍ពិពាហ៍ ៥ ឆ្នាំ តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាន កូនប្រុស ២ នាក់ ព្រមទាំងអាជីវកម្មធំៗជាច្រើន ! 

ចាប់តាំងពីចាប់ដៃគ្នាជាមួយស្វាមីរយៈពេល ៥ ឆ្នាំ តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបានកូនប្រុស ២ នាក់ជាចំណងដៃ ព្រមទាំងអាជីវកម្មធំៗជាច្រើន ។ 

ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំងដោយនាងបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ធ្មេចបើកៗ កន្លងផុតអស់រយៈពេល ៥ឆ្នាំហើយ ដែលយើងបានកសាង គ្រួសារ តូចជាមួយគ្នា ឲ្យធំបន្តិចម្តង ចាំមើលខួបទី១០នឹងបន្ថែមប៉ុន្មាននាក់ទៀត រីករាយ ខួបអាពាហ៍ពិពាហ៍ លើកទី៥ » ។ 

តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែចិញ្ចឹមចិត្តចង់បានកូនស្រីម្នាក់បន្ថែមទៀតនៅក្នុងគ្រួសារ កន្លងមកនាងធ្លាប់បានប្រាប់ថា នាងនឹងតាមយកកូនស្រីម្នាក់ទៀត នៅពេលដែលកូនប្រុសទី ២ របស់ខ្លួន រឹងមាំ និងមានអាយុច្រើនជាងនេះបន្តិច ។ 

ទន្ទឺមនិងការអបអរសាទរខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានសម្រេចបំណងប្រាថ្នាធំៗជាច្រើនរបស់ខ្លួនផងដែរ ទី១ គឺនាងទទួលបានកូនប្រុសទី ២ ។ ទី ២ គឺនាងបានបង្កើតអាជីវកម្មថ្មីៗជាច្រើនតាមបំណងប្រាថ្នារបស់ខ្លួន ទាំងការបើកហាងលក់កាបូប ប្រ៊េនផ្ទាល់ខ្លួន ក៏ដូចជា លក់ប្រ៊េនសាប៊ូកក់សក់ផ្ទាល់ខ្លួនផងដែរ ។ ក្រៅពីនេះ គឺនាងខំប្រឹងបំពេញការងារក្នុងសិល្បៈរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ទាំងការងារចម្រៀង ក៏ដូចជាការងារជាគណកម្មការនៅក្នុងកម្មវិធីលំដាប់ពិភពលោក ដែលនាងធ្លាប់បានកាន់នាពេលកន្លងមក….។ 

តារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែមានសុភមង្គលខ្លាំងឡើងបន្ទាប់ពីទទួលបានកូនប្រុសទី ២ ជាចំណងដៃ ។ នាងទទួលបានការស្រឡាញ់ថ្នាក់ថ្នម យ៉ាងកក់ក្តៅពីស្វាមី រហូតធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ច្រណែននិងវាសនារបស់នាង ។

តារាចម្រៀង ឱក សុគន្ធកញ្ញា នឹងបង្ហាញវត្តមាននៅលើឆាកតន្រ្តីឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីនាងមានសុខភាពល្អប្រសើរឡើងវិញ ដោយសារនាងមានការនឹករលឹកអ្នកគាំទ្រខ្លាំង ៕