អតីតបរវកញ្ញាចក្រវាឡ កម្ពុជា ២០២២ ងិន ម៉ារ៉ាឌី រំភើបចិត្តស្ទើរហោះ នៅពេលដែលកូនស្រីទើបតែវ័យ ៥ ខែ របស់ខ្លួនទទួលបានសញ្ជាតិ អាមេរិក ដូចជាឪពុករបស់គេ ។ ថ្វីដ្បិតតែកូនស្រីរបស់ខ្លួន ទទួលបាន សញ្ជាតិ អាមេរិក ក៏ពិតមែន តែ ងិន ម៉ារ៉ាឌី ហាក់មិនទាន់ចង់ចេញទៅរស់នៅ អាមេរិក ជុំគ្រួសារនៅឡើយទេ ។
បន្ទាប់ពីកូនស្រីវ័យ ៥ ខែ របស់ខ្លួនទទួលបានសញ្ជាតិ អាមេរិក ងិន ម៉ារ៉ាឌី បានចែកដំណឹងល្អនេះទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « អបអរសាទរ កូនស្រីសំណព្វចិត្ត ទិត្យ ឡូរេន ទេវី ទទួលបានសញ្ជាតិអាមេរិចហើយ » ។ ដំណឹងនេះធ្វើឱ្យអ្នកគាំទ្រនិងមិត្តភក្តិជាច្រើនសម្តែងនូវការត្រេអរ និង បានជូនពរនាងចេញទៅរស់នៅ អាមេរិក ជុំគ្រួសារឆាប់ៗ ។
ចំពោះរឿងចេញទៅរស់នៅ អាមេរិក ត្រូវបានអតីតបវរកញ្ញារូបនេះបញ្ជាក់ជាថ្មីថា នាងនៅពុំទាន់មានគម្រោងនឹងចេញទៅរស់នៅ សហរដ្ឋអាមេរិក នៅឡើយទេ ពីព្រោះនាងនៅស្រឡាញ់ សិល្បៈ ស្រឡាញ់ស្រុក ខ្មែរ និងមានការងារជាច្រើនដែលត្រូវធ្វើ តែក៏មិនយូរទៀតដែរ នាងនឹងសម្រេចចិត្តចេញទៅរស់នៅ ជុំគ្រួសារហើយ ។
តាមពិតមូលហេតុដែល ងិន ម៉ារ៉ាឌី មិនទាន់ចេញទៅរស់នៅ សហរដ្ឋអាមេរិក គឺដោយសារនាងមិនទាន់ទទួលបានសិទ្ធក្នុងការចេញទៅរស់នៅទីនោះនៅឡើយទេ ត្រូវរងចាំមួយរយៈពេលទៀតសិន ស្វាមីនាងកំពុងរៀបចំឯកសារ ។ ចំណែកស្វាមីរបស់នាង គឺចុះឡើង អាមេរិក និង ស្រុក ខ្មែរ ញឹកញាប់បំផុត ដើម្បីជួបជុំប្រពន្ធកូន ។
ពេលនេះ ងិន ម៉ារ៉ាឌី រឹងដៃរឹងជើង និងមានសុខភាពល្អឡើងវិញហើយ ហើយនាងក៏ចាប់ផ្តើមទទួលការងារក្នុងសិល្បៈឡើងវិញដែរ ជាក់ស្តែងថ្មីៗនេះនាងចូលរួមក្នុងកម្មវិធីធំៗជាច្រើន ។ ងិន ម៉ារ៉ាឌី កំពុងសប្បាយចិត្តក្នុងការវិលត្រឡប់មកទទួលការងារទាំងនោះឡើងវិញ ក្រោយបោះបង់អស់ពេលយ៉ាងយូរ ៕