នាយ ព្រែក បានទទួលស្គាល់ថា ពេលនេះខ្លួនមានគ្រប់គ្រាន់ហើយ មិនថា លុយកាក់ ផ្ទះសំបែង និង រថយន្ត ប៉ុន្តែរឿងដឹកដៃកញ្ញា ឈិន មុន្នីនាថ ចូលរោងការហើយដូចជាពិបាកបន្តិច ដោយសារតែខាងស្រីទាមទាររឿងនេះ…។
ច្រើនឆ្នាំមកហើយដែលនាយ ព្រែក និងកញ្ញា ឈិន មុន្នីនាថ បានទាក់ទង និងស្រឡាញ់គ្នា ហើយក្រុមគ្រួសារទាំងសងខាងក៏ចង់ឱ្យអ្នកទាំងពីររៀបការឆាប់ៗដែរ ដើម្បីបង្កើតគ្រួសារដូចសិល្បករដទៃ ។ ចំពោះរឿងនេះ ទាំង នាយ ព្រែក និង កញ្ញា ឈិន មុន្នីនាថ តែងតែនិយាយថារងចាំឆ្នាំនេះ ឆ្នាំនោះសិន រហូតឈានមកដល់ឆ្នាំ ២០២៤នេះ អ្នកទាំងពីរនៅតែ ពន្យាពេលវេលារៀបការទៀត ។
ជួបជាមួយនាយ ព្រែក កាលពីពេលថ្មីៗនេះ នាយ ព្រែក បានបញ្ជាក់ជាថ្មីម្តងទៀតថា ទ្រព្យសម្បត្តិ លុយកាក់ , ផ្ទះសំបែង , រថយន្ត គឺលោកមានគ្រប់គ្រាន់ហើយ ហើយលោកក៏មានវ័យជិត ៣០ ឆ្នាំដែរ រឿងរៀបការក៏ត្រូវគិតគូក្នុងពេលឆាប់ៗ ប៉ុន្តែសំខាន់ខាងស្រីមិនទាន់យល់ព្រម ។
ជុំវិញនៃការពន្យាពេលរៀបការនេះត្រូវបាននាយ ព្រែក បញ្ជាក់សាជាថ្មីថា អានាថ នៅក្មេងពេក គាត់ចង់មានការងារដែលរឹងមាំ និង មានមុខរបរផ្ទាល់ខ្លួនជាមុនសិន ទើបគាត់សម្រេចចិត្តរៀបការ ។ ចំណែកលោកក៏មិនហ៊ានបង្ខំនាងដែរ ។
កន្លងមក ឈិន មុន្នីនាថ ក៏ធ្លាប់បានប្រាប់ផងដែរថា ដរាបណានាងមិនមានការងាររឹងមាំ និងមានលុយកាក់គ្រប់គ្រាន់ជួយគ្រួសារបាន នាងនឹងមិនរៀបការនោះទេ ៕