ថ្មីៗនេះក្រោយផ្ទុះរឿងអតីតតារាចម្រៀង រ៉ាឌី ភាលី កូនក្រុមរបស់តារាចម្រៀង ពេជ្រ សោភា ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ ដែលមានបញ្ហាជាមួយស្វាមី ស្រាប់តែធ្វើឱ្យ តារាចម្រៀង ពេជ្រ សោភា មិនសប្បាយចិត្តប៉ុន្មានទេ រហូតបានពោលពាក្យថា « ចង់នៅមេម៉ាយ ខ្លាចពាក្យថា រៀបការ » ។
ដូចមហាជនដឹងស្រាប់ហើយថា តារាចម្រៀង ពេជ្រ សោភា មានគម្រោងរៀបការនិងលោក ឆឹម សក្កដា នៅបំណាច់ឆ្នាំ ២០២៤ ខាងមុខនេះហើយ បន្ទាប់ពីផ្អាក និង ពន្យាពេលវេលារៀបការអស់ជាច្រើនលើក តែទោះជាយ៉ាងណាទំនាក់ទំនងអ្នកទាំងពីរនៅតែល្អប្រសើរ ទោះបីជាពេលនេះអ្នកទាំងពីរនៅពុំទាន់បង្ហើបប្រាប់ពីពេលវេលាច្បាស់លាស់ក្នុងថ្ងៃរៀបការក្តី ។
ពេលវេលារៀបការមកទាន់មកដល់ផង ស្រាប់តែថ្មីៗនេះដោយសារឃើញអតីតកូនក្រុមរបស់ខ្លួនជួបនូវបញ្ហាគ្រួសារ បានធ្វើឱ្យតារាចម្រៀង ពេជ្រ សោភា ហាក់បីដូចជាមានការរារែកចិត្តនៅក្នុងការរៀបចំពិធីមង្គលការ រហូតនាងបាននិយាយថា « អូខេ មេម៉ាយបន្តទៀត យូរទៅខ្លាចពាក្យថា រៀបការមិចទេ » ។
ទន្ទឹមនិងការពោលពាក្យបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថា តើមង្គលការរបស់តារាស្រី ពេជ្រ សោភា និង លោក ឆឹម សក្កដា អាចនឹងកើតឡើងទេនៅចុងឆ្នាំ ២០២៤ នេះ ? ក្រឡេកទៅមើលលោក ឆឹម សក្កដា វិញនៅពុំទាន់មានប្រតិកម្មអ្វីនៅឡើយទេ ៕