មានរឿងអ្វី នៅសុខៗ ផលិតកម្ម បារមី ប្រកាសរំសាយក្រុម Polarix ? 

មិនធ្លាប់មានបញ្ហាអ្វីកើតឡើងសោះ នៅសុខៗស្រាប់តែ ផលិតកម្ម បារមី ប្រកាសរំសាយក្រុម Polarix ទៅវិញ ដោយធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ។ 

តាមរយៈសាររបស់ ផលិតកម្ម បារមី បានបញ្ជាក់នៅលើផេក ហ្វេសប៊ុក ផ្លូវការរបស់ខ្លួនកាលពីប៉ុន្មានថ្មីមុនថា « ផលិតកម្ម បារមី បានទទួលសំណើពីក្រុម Polarix ដោយសិល្បករទាំងពីររូបមានបំណងចង់ ផ្ដោតផ្ចិតផ្ចង់ធ្វើ សិល្បៈរៀងៗខ្លួន។ ផលិតកម្ម បារមី ពិតជាមានការសោកស្ដាយចំពោះព័ត៌មាន និងការសម្រេចចិត្តពាក់ព័ន្ធ នឹងការរំសាយក្រុម Polarix ប៉ុន្តែ ផលិតកម្មបារមី ក៏សូមគោរពនូវការសម្រេចចិត្ត របស់សិល្បករទាំងពីររូប ផងដែរ។ យើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិល្បករទាំងពីរដែលកន្លងមកបានផលិតនូវ សមិទ្ធិផលដ៏ល្អៗជាច្រើន ជូនប្រិយមិត្ត និងជាពិសេសអ្នកគាំទ្រ។ យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ Polarix Universe ដែលតែងតែគាំទ្រក្រុម Polarix រហូត មក។ សេចក្ដីស្រលាញ់គាំទ្រ របស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដ៏ធំ ដែលបានជម្រុញភាពជោគជ័យនៅក្នុង វិស័យសិល្បៈរបស់ពួកគាត់។

បើទោះបីជាសិល្បករទាំងពីរមិនបន្តរួមផលិតបទចម្រៀងជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែ គាត់ទាំងពីរនឹងចាប់ផ្តើម បទពិសោធន៍ថ្មី ក្នុងនាមជាតារាចម្រៀងទោល ហើយនឹងនាំមកជូននូវអ្វីដែលថ្មី និងអស្ចារ្យជូនប្រិយមិត្ត អ្នកគាំទ្រ ។ លោក NORITH នឹងបន្តជាសិល្បករប្រចាំផលិតកម្មបារមីដដែល ​និងកំពុងផលិត កម្រងបទចម្រៀងថ្មីៗ ។ ផលិតកម្មបារមី និង​ លោក JUVIE LIN​ បានព្រមព្រៀងបញ្ចប់កុងត្រា ហើយលោកនឹងបន្តផលិត បទចម្រៀងជាសិល្បករឯករាជ្យ។ យើងជឿជាក់ថា អ្នកគាំទ្រ Polarix ទាំងអស់នឹងរីករាយគាំទ្រការសម្រេចចិត្តនេះ។ យើងសូមអរគុណ និង សូមជូនពរ ហើយយើងមានជំនឿមុតមាំថា ការសម្រេចចិត្តរបស់សិល្បករទាំងពីររូប នឹងនាំមកនូវជោគជ័យ ជាមួយសិល្បៈដែលមានរសជាតិថ្មី » ។

ពេលនេះក្រុម Polarix បានបែកគ្នាហើយ អ្នកទាំងពីរចាប់ផ្តើមចេញបំពេញការងាររៀងៗខ្លួន ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗក្នុងនាមជាតារាចម្រៀងទោល ។ លោក នរិទ្ធ នៅបន្តការងារជាសិល្បករនៅក្នុងផលិតកម្ម បារមី ដដែល ។ ចំណែក ជូវី បញ្ចប់កុងត្រាពី បារមី ក្នុងនាមជាតារាចម្រៀង ឯករាជ្យ ។ Polarix បានបញ្ជាក់បន្ថែមថា ការរំសាយក្រុមនេះ មិនមែនដោយសារវិវាទផ្ទៃក្នុងណាមួយនោះទេ ។ 

មហាជនមានការសោកស្តាយយ៉ាងខ្លាំងនៅពេលដែលក្រុមចម្រៀងដ៏ល្បីនេះត្រូវរំសាយ តែទោះជាយ៉ាងណាម្នាក់ៗបានផ្ញើសារជូនពរពួកគេទាំងពីរជោគជ័យក្នុងការងារ ៕