ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញនិងជាបេក្ខភាព Miss Grand Cambodia 2024 ផងនោះ កញ្ញា រី លីណា បានស្រកទឹកភ្នែកពេលរំលឹកដល់ប្រវត្តិជូរចត់រឿង សិក្សា និង ជីវិតដែលមានឱកាសបានទិញខោអាវត្រឹមតែ ១ កំប្លែរក្នុងមួយឆ្នាំ ។
ទោះបីជាពេលនេះកញ្ញា រី លីណា មានជីវភាពធូធារជាងមុនបន្តិចក្តី ក៏នាងមិនភ្លេចពីប្រវត្តិជូរចត់ និង ជីវិតដ៏លំបាក់របស់ខ្លួនដែរ ជាក់ស្តែងពេលជួបសំភាសន៍ជាមួយនាងកាលពីពេលថ្មីៗនេះ នាងបានស្រកទឹកភ្នែកដោយមិនដឹងខ្លួន ក្រោយពីរៀបរាប់ពីជីវិតរបស់ខ្លួនឱ្យមហាជនបានដឹងលឺ ។
កញ្ញា រី លីណា គឺជាកូនអ្នកខេត្ត ព្រះសីហនុ ដែលមានជីវភាពខ្វះខាត នាងមានបងប្អូន ៤ នាក់ ។ ដោយសារជីវភាពគ្រួសារមានការខ្វះខាត កញ្ញា រី លីណា បានប្រឹងប្រែងធ្វើការងារតាំងពីរក្មេង រហូតដល់រៀនបានដល់ថ្នាក់ទី ១២ ។ រី លីណា បានរៀបរាប់ប្រាប់ថា ក្នុងមួយឆ្នាំ នាងអាចទិញខោអាវបានត្រឹមតែ ១ កំប្លេរប៉ុណ្ណោះជាមួយបងប្អូន ៤ នាក់ ប៉ុន្តែរឿងនេះមិនបានធ្វើឱ្យនាងតូចចិត្ត ឬអស់សង្ឃឹមឡើយ ផ្ទុយទៅវិញ នាងបានតស៊ូ និងប្រឹងប្រែងរហូតមានការងារធ្វើ និងក្លាយទៅជាតារាសម្តែង ដូចសព្វថ្ងៃ ។
ក្រៅពីមានឈ្មោះជាតារាសម្តែង រី លីណា ក៏ជាបេក្ខភាព Miss Grand Cambodia 2024 ផងដែរ នាងកំពុងហ្វឹតហាត់ លត់ដំខ្លូនបន្ថែមដើម្បីត្រៀមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ។ រី លីណា រំពឹងថា ពេលដែលនាងទទួលបានតំណែងល្អណាមួយពីកម្មវិធី Miss Grand Cambodia 2024 នាងនឹងយកថវិការដែលរកបាន យកទៅបន្តការសិក្សារបស់ខ្លួនឱ្យចប់ចុងចប់ដើម …៕