ការពិតវិដេអូ ខ្មែរ Makeup Trend របស់នាដការីរបាំបុរាណ សុគា គឹមលាង ដែលកំពុងផ្ទុះពេញបណ្តាញសង្គមនោះ គឺ សុគា គឹមលាង បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីផលិតវិដេអូនេះឡើង ។
ដូចមហាជនបានឃើញស្រាប់ហើយថា វិដេអូ ខ្មែរ Makeup Trend របស់នាដការីរបាំបុរាណពិតជាផ្ទុះខ្លាំងពេញក្នុងនិងក្រៅ ប្រទេស សូម្បីតែនៅតាមផ្ទាំងផ្សាយពាណិជ្ជកម្មតាមដងផ្លូវ ក៏បានចាក់វិដេអូនោះផងដែរ ដោយសារតែក្នុងវិដេអូនេះ គឺបានបង្ហាញពីរបាំ អប្សារា និងលាយឡំល្ខោនបាកសាក់ចូលផងដែរ ។
តាមរយៈវិដេអូនេះ កាន់តែធ្វើឱ្យប្រជាប្រិយភាព សុគា គឹមលាង ហៅ កូនអាន់ ផ្ទុះខ្លាំងក្នុងវិស័យសិល្បៈ រហូតធ្វើឱ្យតារាស្រីរូបនេះមានគម្រោងនឹងផលិតវិដេអូជាច្រើនទៀត ដើម្បីជួយដល់សង្គម ។
កញ្ញា សុគា គឹមលាង បានប្រាប់ថា ការពិតវិដេអូ ខ្មែរ Makeup Trend ដែលនាងបានធ្វើនោះ គឺនាងបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីធ្វើឡើង គឺអស់ច្រើនគួរសមទំរាំតែបានវិដេអូមួយតាមបំណងដែលខ្លួនចង់បាន ។ ការផលិតវិដេអូនេះផងដែរឺបានផ្តល់ប្រាក់ចំណូលទៅដល់អ្នកផាត់មុខ និង អ្នកតុបតែងខ្លួន ចំណែកនាងមិនបានប្រាក់ចំណេញអ្វីនោះទេ ។ ឆាប់ៗខាងមុខនេះ នាងត្រៀមនឹងធ្វើវិដេអូដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀត ដើម្បីផ្សព្វផ្សាយ ពីសិល្បៈ ខ្មែរ យើង ទោះអស់ថវិការផលិតច្រើនប៉ុណ្ណាក៏នាងនៅតែសម្រេចចិត្តធ្វើ ។
កញ្ញា សុគា គឹមលាង មិនខ្វល់ក្នុងការចំណាយថវិការផ្ទាល់ខ្លួនដើម្បីផលិតវិដេអូនោះឡើងឡើយ ដោយសារនាងមានគំនិតចង់ទុកស្នាដៃរបស់ខ្លួនទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និង បានស្គាល់ថា អ្វីជារបស់កូន ខ្មែរ ។
ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ នាដការីរបាំបុរាណ សុគា គឹមលាង ទទួលបានការងារជាំច្រើននៅក្នុងសិល្បៈ ជាពិសេសថ្មីៗនេះមានបណ្តាក្រុមហ៊ុន និងម្ចាស់ផលិតកម្មជាច្រើនបានទាក់ទងហៅនាងថតភាពយន្ត ប៉ុន្តែគួរឱ្យស្តាយ សុគា គឹមលាង មិនទទួលការងារទាំងនោះឡើយ ដោយសារនាងជា នាដការីបុរាណដែលមិនចូលចិត្តស្លៀកពាក់ ឬតុបតែងខ្លួនសិចស៊ី ព្រោះខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និង កិត្តិយសរបស់ខ្លួន ៕