ថ្មីៗនេះកវី ខេមរៈ ភារុណ បានអបអរសាទរចំពោះបទចម្រៀង ២ បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលល្បីខ្លាងបំផុតនាពេលចុងក្រោយនេះ ដែលបទចម្រៀងទាំង ២ នេះបានល្បីខ្ទរខ្ទារដល់ក្រៅប្រទេស ។
បទចម្រៀងទាំងពីរបទនេះមានដូចជា បទ « Call Me Papa » និង បទ « ក្រមុំគ្រប់ខេត្តមួយក៏ជារបស់គេ» ដែលបទចម្រៀងនេះបានចេញនៅអំឡុងមុនចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។ ដែលបទចម្រៀងទាំងពីរបទនេះ មានអ្នកចូលទស្សនា រាប់សែនដង ដោយតែបទចម្រៀងទាំង ២ នេះផលិតឡើងយ៉ាងសម្រិតសម្រាំង ចាក់ចំបេះដូងអ្នកគាំទ្រ ។
លោក ខេមរៈ ភារុណ បានរៀបរាប់នៅលើ ហ្វេសប៊ុក របស់លោកថា « សូមអបអរសាទរប្អូនប្រុសឧកញ៉ាខេមរៈ សិរីមន្ត ដែលបទចម្រៀងពីរបទរបស់ប្អូននេះបានគ្របដណ្ដប់គ្រប់ខេត្តក្រុងនឹងហៀរដល់ក្រៅប្រទេសផងដែលនាពេលចូលឆ្នាំថ្មីៗនេះ ក្នុងនាមខ្ញុំជាអ្នកនិពន្ធខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះប្អូនប្រុសដែលប្អូនអាចធ្វើបាននឹកស្មានមិនដល់តាំងពីចំណុចចាប់ផ្ដើមជាពិសេស គឺមកដល់ម៉ោងនេះប្អូនអាចរក្សារបានជាអ្នកចម្រៀងឈានមុខគេនឹងឈរចំណុចខ្ពស់ជាគេបំផុតក្នុងវិស័យចម្រៀងតាមជាក់ស្តែងដែលប្អូនបានប្រឹងប្រែងក្នុងវិស័យចម្រៀងដោយឆន្ទះមោះមុតបំផុត ហើយអ្វីដែលសំខាន់គឺយុត្តិធម៌និងសច្ចធម៌ផងដែរដែលបងមើលឃើញដោយមិននិយាយលម្អៀងឡើយ គឺបងនិយាយក្នុងនាមទស្សនិកជនតាមដានមួយរូបក្នុងចំណោមបងប្អូនមហាជនជាច្រើនលាននាក់ទៀតដែរ ដែលបានមើលឃើញដូចបងមើលឃើញអ៊ីចឹងដែរ សូមគោរពអរគុណបងប្អូនដែលបានគាំទ្រនូវបទចម្រៀងរបស់ប្អូនប្រុសខ្ញុំកន្លងមកនិងមកដល់បច្ចុប្បន្ននេះ » ។
ដូចមហាជនដឹងស្រាប់ហើយថា លោក ខេមរៈ សិរីមន្ត ជាតារាចម្រៀងល្បីមួយរូបដែលមានស្នាដៃល្បី ៗជាច្រើន ។ ឆាប់ៗខាងមុខនេះលោកត្រៀមនឹងចេញបទចម្រៀងថ្មីៗវាយលុកទីផ្សារជាបន្តបន្ទាប់ ៕