នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សមាគមសិល្បករខ្មែរ បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី៦របស់ខ្លួន ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង៦០០នាក់។ ក្នុងតំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ភាគរយ នៃសំឡេងឆ្នោតសរុបជាប្រធានសមាគមថ្មី។
ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ឲ្យលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ លោកស្រីពិតជាមានសេចក្តីរីករាយដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។
ទន្ទឹមនឹងនេះ លោកស្រីរដ្ឋមន្រ្តីសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកស្រី ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយលោកស្រីសង្ឈឹមថា លោកស្រីអតីតប្រធានសមាគមនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។
ជាមួយនេះ លោកស្រីក៏សូមអបអរសារ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម៕