កៀកថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករ ខ្មែរ ថ្មីស្រាប់តែផ្ទុះសង្រ្គាមពាក្យសម្តីរវាងអ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ជាថ្មីម្តងទៀត ធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។
បើតាមគម្រោងការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករ ខ្មែរ នៅក្នុងអណត្តិថ្មី នឹងរៀបចំឡើងនៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ដែលមានបេក្ខភាពឈរឈ្មោះចំនួន ៣ រូប គឺអ្នកឧកញ៉ា ម៉ៅ ចំណាន , លោក គួច ខេវិន និងលោក ផាត់ តារារ័ត្ន ។ សម្រាប់សមាជិកដែលត្រូវចូលរួមបោះឆ្នោតគឺត្រូវបានកំណត់ចំនួនរួចរាល់ហើយគឺចំនួន ៦០០ នាក់ ។
កៀកថ្ងៃបោះឆ្នោតហើយស្រាប់តែតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានឡាយវិដេអូពាក់ព័ន្ធនិងការចុះឈ្មោះទៅបោះឆ្នោតនៅក្នុងអណត្តិថ្មីនេះ ដោយអ្នកនាងសម្តែងនូវអារម្មណ៍មិនពេញចិត្តចំពោះការកំណត់ចំនួនអ្នកទៅបោះឆ្នោត ក្នុងនោះអ្នកនាងក៏មិនទាន់បានទៅចុះឈ្មោះដើម្បីបោះឆ្នោតនឹងគេនៅឡើយទេ ស្រាប់តែគេបិទមិនឱ្យចុះឈ្មោះទៅវិញ ។ អ្នកនាងឆ្ងល់ថា ហេតុអ្វីជ្រើសរើសយកតែ ៦០០នាក់ទៅបោះឆ្នោត ?
ទន្ទឹមនិងការសម្តែងអារម្មណ៍មិនសប្បាយចិត្តនេះ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករ ខ្មែរ ចាស់ បានឆ្លើយតបតាមរយៈហ្វេសប៊ុករបស់ខ្លួនថា « ខ្ញុំសូមជម្រាបជូនលោកស្រី ម៉េង កែវពេជ្ជតា ចំពោះសំណួរ និង ចម្ងល់របស់លោកស្រី ខ្ញុំទុកតួនាទីជូន ឯកឧត្តមប្រធានគណកម្មការដែលជាតំណាងក្រសួងវប្បធម៌ និង គណកម្មការចម្រុះក្នុងការរៀបចំការបោះឆ្នោតជាអ្នកបកស្រាយ ព្រោះ កិច្ចការងារដំណើរការបោះឆ្នោត គឺ សមាគមត្រឹមតែជាអ្នកសម្របសម្រួលកិច្ចការងារដំណើរការបោះឆ្នោតដែលតម្រូវការតាមគណកម្មការ និង សម្រេចតាមពួកគាត់ » ។
អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែបន្តឆ្លើយឆ្លងគ្នានៅលើ ហ្វេសប៊ុក ជាបន្តបន្ទាប់ រហូតធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។ នេះមិនមែនជាលើកទី១នោះទេដែលសង្រ្គាម ពាក្យសម្តីរវាងអ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើឱ្យផ្ទុះ និងកក្រើកពេញបណ្តាញសង្គម ៕