ទីបំផុតចំណងស្នេហ៍ ៧ ឆ្នាំរវាងតារាចម្រៀង គូម៉ា និងកញ្ញា ម៉ៅ គឹមធីតា ដល់ពេលដែលត្រូវចូលរោងការទៅតាមប្រពៃណី ខ្មែរ ដើម្បីបញ្ចប់ពាក្យចចាមអារាមទាំងប៉ុន្មានដែលបានកើតឡើងចំពោះអ្នកទាំងពីរនាពេលកន្លងមក ក្រោយពីលោក គូម៉ា ជោគជ័យនៅក្នុងទ្រនំថ្មី ។
តារាចម្រៀងលោក គូម៉ា បានក្លាយទៅជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានមួយឆ្នាំហើយ ដោយលោកទទួលបានប្រាក់ចំណូលខ្ពស់គួរសមពីការងារនេះ រហូតចុងក្រោយលោកសម្រេចចិត្តដឹកដៃកញ្ញា ម៉ៅ គឹមធីតា ចូលរោងជ័យនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ។
លោក គូម៉ា និង កញ្ញា ម៉ៅ គឹមធីតា កំពុងមមាញឹកនៅក្នុងការដើរចែកធៀបការ អញ្ជើញមិត្តសិល្បករ និងបងប្អូនចូលរួមអបអរសាទរ ។ សិល្បករជាច្រើននៅពេលដែលដឹងថាលោក គូម៉ា ត្រៀមចូលរោងការនេះ ម្នាក់ៗបានសម្តែងនូវការត្រេអរ និង បានផ្ញើសារជូនពរលោកមានសុភមង្គលគ្រប់ៗគ្នា ដូចមហាជនដឹងស្រាប់ហើយថា ជីវិតស្នេហារបស់អ្នកទាំងពីរនេះ ជួបនូវព្យុះភ្លៀងរាប់មិនអស់ ។
មុនដឹកដៃកញ្ញា ម៉ៅ គឹមធីតា ចូលរោងការ តារាចម្រៀង គូម៉ា ត្រូវឆ្លៀតចូលរួមប្រកួតបាត់ទាត់ដ៏ធំមួយជាមួយក្រុម Cambodia Football Super Stars នៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ នេះផងដែរ ។
បច្ចុប្បន្នលោក គូម៉ា គឺជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ។ បទចម្រៀងរបស់លោកជាច្រើនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនដូចជាបទ « មនុស្សប្រុសថោកទាប » « ញ៉ែប៉ះមេម៉ាយ » និងបទ « មនុស្សញៀនឈឺ » ជាដើម…។ ឆាប់ៗខាងមុខលោកត្រៀមនឹងចេញបទចម្រៀងជាច្រើនទៀត ដើម្បីបំពេរអារម្មណ៍ទស្សនិកជន ។
ថ្វីដ្បិតតែលោក គូម៉ា ត្រៀមខ្លួនចូលរោងការជាមួយកញ្ញា ម៉ៅ គឹមធីតា ដែលបានស្រឡាញ់ និងតស៊ូជាមួយគ្នាអស់ពេលជាង ៧ ឆ្នាំមកហើយក្តី ក៏លោកមិនបោះបង់អាជីពចម្រៀងចោលដែរ ផ្ទុយទៅវិញ លោកកាន់តែខំប្រឹងធ្វើយ៉ាងណាឱ្យកាន់តែជោគជ័យខ្លាំងក្នុងអាជីពនេះ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ជួយសម្រួលដល់ជីវភាពគ្រួសារ ៕