តារាសម្តែងវ័យក្មេង តុប វិសាល និង ឌៀប សូហ្វៀរ៉ា ប៉ះគ្នារង្គើរមេឃ រញ្ជួយដី ក្នុង MVចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ !  

MVចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ចេញជាផ្លូវការនៅថ្ងៃទី ២៧ ខែ មេសា ស្អែកនេះហើយ ប៉ុន្តែមុននិងចេញ Full MV ចម្រៀងនេះ យើងសូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់តួឯកប្រុសស្រីនៅក្នុងបទចម្រៀងនេះបន្តិច ថ្វីដ្បិតតែអ្នកទាំងពីរប៉ះគ្នាជាលើកដំបូង ប៉ុន្តែអ្នកទាំងពីរសម្តែងបានល្អខ្លាំងក្នុងបទចម្រៀងមួយបទនេះ ។ 

ត្រឹមតែ Teaser MV ចម្រៀង« ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ទាក់ទាញប៉ុហ្នឹងហើយ ចុះទំរាំ Full MV វិញមិនដឹងថា គួរឱ្យចាប់អារម្មណ៍កម្រិតណាទេ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនឃើញស្រាប់ ឈុតឆាកនិមួយៗ ប្រៀបបីដូចជានៅក្នុងកុនខ្លីមួយទៅហើយ ។ 

តួឯកប្រុសនៅក្នុង MV ចម្រៀង« ខ្មោចដែលស្លាប់ទៅហើយ » គឺសម្តែងដោយលោក តុប វិសាល ដែលជាអតីតនិស្សិតរៀនចប់ផ្នែក សេដ្ឋកិច្ច ៥ ឆ្នាំពីប្រទេស ជប៉ុន ដែលបច្ចុប្បន្នជាតារាសម្តែង និង បង្ហាញម៉ូដដ៏ល្បីឈ្មោះមួយរូប ។ លោក តុប វិសាល បានរៀបរាប់ពីសកម្មភាពនៅក្នុងការថត MV ចម្រៀង« ខ្មោចដែលស្លាប់ទៅហើយ » ថា លោកពិតជារីករាយណាស់ ដែលបានចូលរួមសម្តែងនៅក្នុង MV ចម្រៀងដ៏ល្អមួយនេះ ថ្វីដ្បិតតែជួបនូវការលំបាកក្នុងការថតឈុតឆាកមួយចំនួនក្តី ប៉ុន្តែលោកពិតជាពេញចិត្តខ្លាំង ជាពិសេសឈុតឆាកជិះម៉ូតូតាមផ្លូវ….។  

ក្រឡេកមកមើលកញ្ញា ឌៀប សូហ្វៀរ៉ា ដែលបវរកញ្ញាលំដាប់រងទី ២ ក្នុងកម្មវិធី Little Miss Junior Idol world 2023 ដែលជាតួឯកស្រីនៅក្នុង MV ចម្រៀង« ខ្មោចដែលស្លាប់ទៅហើយ » ក៏មិនធម្មតាដែរ ដែលនេះជា MV ធំទី ២ របស់នាងក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បន្ទាប់ពីបទ « Stuck With You » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ។ កញ្ញា ឌៀប សូហ្វៀរ៉ា បានរៀបរាប់ប្រាប់ថា MV ចម្រៀងនេះនាងបានទន្ទឹងរងចាំអស់ពេលយ៉ាងយូរ ទីបំផុតបានត្រៀមចេញជាផ្លូវការហើយ ដោយក្នុង MV នេះពិតជាប្លែក និង គួរឱ្យចាប់អារម្មណ៍ ទាំងការសម្តែង និង ទីតាំងថត ពិតជាឡូយ បើបានទស្សនាហើយ ច្បាស់ជាលាន់មាត់ថា Wow ។

កញ្ញា ឌៀប សូហ្វៀរ៉ា ក្នុង MV ចម្រៀងមួយបទនេះមើលទៅប្រៀបដូចជានារីធំពេញវ័យម្នាក់ ថ្វិដ្បិតតែនាងនៅក្មេងវ័យ ប៉ុន្តែសម្រស់នាងស្រស់ស្អាត មិនចាញ់តារាល្បីមួយចំនួនឡើយ ។  

ការប៉ះគ្នារវាងកញ្ញា ឌៀប សូហ្វៀរ៉ា និងបុរសង្ហា តុប វិសាល នឹងធ្វើឱ្យរង្គើរមេឃ រញ្ជួយដី មិនខានក្នុង MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » ពីព្រោះការសម្តែងរបស់អ្នកទាំងពីរ មើលទៅលក្ខណៈធម្មជាតិពិតៗ មិនចាញ់តារាអាជីពល្បីៗមួយចំនួនឡើយ រហូតទទួលបានការសរសើរខ្លាំងពីអ្នកដឹកនាំសម្តែងផងដែរ ។ បើចង់ជ្រាបច្បាស់ថា ស្នាដៃសម្តែងដ៏ល្អរបស់អ្នកទាំងពីរនៅក្នុង MV ចម្រៀងមួយបទនេះ ល្អដល់កម្រិតណានោះ កុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃស្អែកលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ៕