ស្របពេលដែលកូនប្រុសរបស់លោក ទិត្យ វិច្ឆិកា ដែលជាតារាចម្រៀងល្បីឈ្មោះជើងចាស់មួយរូប បានចូលរួមប្រលងនៅក្នុងកម្មវិធីចម្រៀងមួយកាលពីពេលថ្មីៗនេះ ដោយបរាជ័យទាំងកណ្តាលទីស្រាប់តែលោក ទិត្យ វិច្ឆិកា ជាឪពុក បានពោលពាក្យយ៉ាងចាក់ដោតទៅកាន់កូនប្រុសជាទីស្រឡាញ់ ។
ស្ទើរតែគ្មាននរណាម្នាក់ដឹងថា បេក្ខជនឈ្មោះ ផុន អាព្រិលករុណា ដែលប្រលងក្នុងកម្មវិធី BeatBest រដូវ កាលទី ២ នេះគឺជាកូនប្រុសបង្កើតរបស់តារាចម្រៀងជើងចាស់ ទិត្យ វិច្ឆិកា ណាស់ ដោយសារតែមុនពេលប្រលង លោក ទិត្យ វិច្ឆិកា បានហាមកូនប្រុសមិនឱ្យបង្ហាញអត្តសញាណពិត ។ ប៉ុន្តែនៅពេលដែលកូនប្រុសរបស់លោក បរាជ័យ លោកបែរជាពោលពាក្យយ៉ាងក្តុកក្តួលចិត្ត ។
លោក ទិត្យ វិច្ឆិកា បានរៀបរាប់សារនៅលើហ្វេសប៊ុករបស់លោកថា « លើកក្រោយសាកល្បងនឹងព្យាយាមម្តងទៀតអ្វីដែលសំខាន់ត្រូវប្រឹងហ្វឹកហាត់ប្រើសម្លេងបន្ថែមអោយបានល្អ.. ។ ខ្ញុំបាទ ទិត្យ វិច្ឆិកា សូមអរគុណប្អូនៗដែលជាគណៈកម្មការទាំងបួនដួងដែលបានផ្តល់ពិន្ទុយ៉ាងសុក្រឹតសំរាប់បេក្ខជនគ្រប់រូប .. បងគោរពស្រលាញ់ប្អូនៗទាំងអស់គ្នា ។ ពេលនេះកូនប្រុសរបស់បង គួរតែប្រើពាក្យ លោកពូ អ្នកមីង ទៅកាន់ប្អូនៗវិញបានហើយ ព្រោះនិយាយពីការគោរព ផុនអាព្រិលករុណា គឺជាក្មួយរបស់ប្អូនៗ ។ ហើយបងក៏សុំទោសប្អូនៗដែរ ព្រោះពេលដែលគាត់ទៅប្រលង បងមិនបានអនុញាតិអោយគាត់បង្ហាញថាគាត់ជាកូនប្រុសរបស់បង ។ ទោះបីជាកូនប្រុសមិនបានទៅកាន់វគ្គបន្តក៏ដោយ តែប៉ាមានមោទនៈភាពណាស់ដែលកូនប្រុសបានទៅឈប្រលងនៅលើឆាករបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ពិតជាមានតំលៃសំរាប់ប៉ាខ្លាំងណាស់» ។
លោក ទិត្យ វិច្ឆិកា ពិតជាសោកស្តាយខ្លាំងណាស់ដែលកូនប្រុសរបស់លោកមិនទទួលបានជោគជ័យក្នុងការប្រកួតនេះ ។ លោករំពឹងថា កូនប្រុសរបស់លោកនឹងត្រឡប់មកកាន់ឆាកតន្រ្តីជាថ្មីម្តងទៀតក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីទទួលបានការហ្វឹតហាត់ដ៏ត្រឹមត្រូវមួយ ។
លោក ទិត្យ វិច្ឆិកា ធ្លាប់ជាតារាចម្រៀងល្បីឈ្មោះមួយរូបកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែដោយសារជាប់រវល់ការងារផ្ទាល់ខ្លួន លោកក៏បានផ្អាក់ពីការងារនេះ ហើយប្រឹងពង្រឹងកូនប្រុសផ្សេងៗទៀតឱ្យបំពេញការងារដូចជាខ្លួនផងដែរ ៕