សិល្បៈចាស់វស្សាច្រើនរូបជួបជុំគ្នារៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរខែឧសភាខាងមុខនេះ

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គណ:កម្មការចម្រុះរៀបចំការបោះឆ្នោតនៃសមាគមសិល្បករខ្មែរ បានកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណេីរការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានវត្តមានចូលរួមរបស់លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងមានសមាសភាពពីអង្គភាពពាក់ព័ន្ធរួមទាំងសិល្បករឯករាជ្យមួយចំនួនទៀតចូលរួមផងដែរ។

បើតាមសមាគមសិល្បករខ្មែរ បានឲ្យដឹងថា ប្រជុំបានពិភាក្សាផ្ដោតសំខាន់លើរបៀបវារៈមួយចំនួន ដេីម្បីធានាដល់ដំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន មានតម្លាភាព និងយុត្តិធម៌ ជាពិសេសគឺអាចជ្រើសរើសបានថ្នាក់ដឹកនាំសមាគម ដែលមានសមត្ថភាពពិតប្រាកដបន្តដឹកនាំសមាគមកាន់តែរីកចម្រើន សំដៅការពារប្រយោជន៍បង្អូនសិល្បករទូទៅ។

សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានថ្មីនេះ ក៏មានអ្នកសិល្បៈ និងអ្នកដឹកនាំក្នុងវិស័យសិល្បៈបានប្រកាសឈរឈ្មោះជាបេក្ខភាព ក្នុងនោះក៏លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានឈរឈ្មោះជាប្រធាន សមាគមសិល្បករខ្មែរ នៅអាណត្តិថ្មីនេះ ជាមួយឆន្ទៈ ពិតប្រាកដចង់ជួយសិល្បករខ្មែរឱ្យមានមុខ មានមាត់នៅលើឆាកអន្ដរជាតិ។

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍បន្ថែមថា ៖“សិល្បករយើងគ្រប់ជំនាន់សុទ្ធតែមានសក្តានុពល មានបទពិសោធន៍ និងទេពកោសល្យល្អ រួមទាំងអ្នកឧកញ៉ាខ្លួនឯងផងដែរ ថ្វីត្បិតមិនបានចូលសាលាសិល្ប: ប៉ុន្តែមានទឹកចិត្ត មាននិស្ស័យស្រឡាញ់វិស័យសិល្ប: មានកិច្ចការងារច្រើនដែលយើងត្រូវចូលរួមធ្វើនិងគាំទ្រ”។

ចំពោះចក្ខុវិស័យ បើសិនជាលោកស្រី អ្នកឧកញ៉ា ជាប់ឆ្នោតធ្វើជាប្រធានសមាគមសិល្បករខ្មែរ នឹងប្ដេជ្ញាចូលរួម គ្រប់វិស័យទាំងអស់ តាមដែលអាចធ្វើទៅរួច ក្នុងន័យជំរុញវិស័យមួយនេះឱ្យបានប្រសើរឡើងបន្ថែមទៀតហើយក៏ អាចជ្រៀតចូលក្នុងឆាកអន្ដរជាតិផងដែរ៕