តែលតោលអស់ពេលច្រើនឆ្នាំទីបំផុត វ៉ាន់ នីឡា រកឃើញទ្រនំថ្មីព្រមទាំងបានចេញ MV ចម្រៀង « ក្រវែល » លើកដំបូងគាប់ចិត្តអ្នកគាំទ្របន្ទាប់ពីចូលឆ្នាំថ្មីរួច !

ទើបតែចប់ចូលឆ្នាំថ្មីភ្លាម ស្រាប់តែតារាចម្រៀង វ៉ាន់ នីឡា ទំលាក់បទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « ក្រវែល » នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ដែលជារសជាតិថ្មីសម្ពោធស្នាដៃដំបូង និងជាការស្វាគមនទ៍មកកាន់ទ្រនំយក្ស បន្ទាប់ពីបានតែលតោលក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ។ 

តាំងពីផ្ទុះរឿងអាស្រូវស្នេហាកាលពីប៉ុន្មានឆ្នាំមុនមក ធ្វើឱ្យប្រជាប្រិយភាពតារាចម្រៀង វ៉ាន់ នីឡា ធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែស្រោចស្រង់ពុំរួច ទោះជាយ៉ាងនេះក្តីបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រួច ស្រាប់តែ វ៉ាន់ នីឡា ប្រកាសក្លាយទៅជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត ។ 

តាមរយៈ MV ចម្រៀង « ក្រវែល » ដែលទើបនិងបង្ហោះនៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា កាលពីព្រឹកមិននេះទាំងនៅលើ ហ្វេសប៊ុក យូធូប និង TikTok ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយម្នាក់ៗបានសម្តែងការត្រេអរ ដែលតារាចម្រៀងស្រីរូបនេះ អាចរកទ្រនំ ជ្រោកកោណនិងគេបានឡើងវិញ​ ។ 

វ៉ាន់ នីឡា បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ចូលឆ្នាំថ្មីហើយរៀងស្មឿក អស់កម្លាំង ដាក់បទនេះមួយអាស្វាង ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមកកាន់គ្រួសារ ហ្គាឡាក់ស៊ី ណាវាត្រា » ។ 

បន្ទាប់ពីបានចេញ MV ចម្រៀង « ក្រវែល » រួច វ៉ាន់ នីឡា ក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀតផងដែរ ដើម្បីវាយលុយទីផ្សារឡើងវិញ បន្ទាប់ពីស្ងាត់អស់ពេលជាច្រើនឆ្នាំ ។ មិនតែប៉ុណ្ណោះ វ៉ាន់ នីឡា ក៏មានអ្វីថ្មីៗជាច្រើនទៀត ដើម្បីចែកជាកាដូដល់អ្នកគាំទ្រខ្លួន នាងរំពឹងថា ក្រោយពីចូលច្រៀងនៅក្នុងផលិតកម្មយក្សនេះហើយ នឹងធ្វើឱ្យប្រជាប្រិយភាពនាងត្រឡប់មកដូចដើមវិញ …។ តោះទស្សនា MV ចម្រៀង « ក្រវែល » របស់តារាចម្រៀង វ៉ាន់ នីឡា នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ទាំងអស់គ្នា ៕