តារាចម្រៀង ខាត់ សួស្តី មានអារម្មណ៍កក់ក្តៅខ្លាំង បន្ទាប់ពីនាងបានក្លាយទៅជាតារាចម្រៀងប្រចាំននៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ជាក់ស្តែងត្រឹមតែរយៈពេលខ្លីសោះបទចម្រៀងនាងជាច្រើនបានចេញជាបន្តបន្ទាប់ ជាពិសេសតាំងពីក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មមក នាងកាន់តែមានយីអ៊ុនខ្ពស់ មានអ្នកស្គាល់ច្រើន ថែមទាំងរកបានប្រាក់ចំណូលច្រើនជាងមុនដែរ ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះ តារាចម្រៀងត្រកូល ខាត់ គឺកញ្ញា ខាត់ សួស្តី បានចេញបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ បន្ទាប់ពីនាងល្បីឈ្មោះក្នុងបទចម្រៀង « ដេកសុខៗ ពេញក្រមុំ » « ស្នាមមេដៃ » « រំាម៉ាឌីហ្សុន » និងបទចម្រៀងជាច្រើនទៀត …។
តារាចម្រៀងរាងតូចច្រឡឹងត្រកូល ខាត់ រូបនេះបានប្រាប់ថា តាំងពីចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មក គឺជីវិតរបស់នាងបានផ្លាស់ប្តូរច្រើន ជាពិសេសកេរ្តិ៍ឈ្មោះតែម្តង គឺមានបងប្អូនកាន់តែស្គាល់ និង ស្រឡាញ់ច្រើនឡើង បើប្រៀបធៀបទៅនិងពេលមុនចូលផលិតកម្ម គឺសុខប្លែកពីគ្នាឆ្ងាញ់ណាស់ ។
តាំងពីល្បីឈ្មោះក្នុងវិថីសិល្បៈមក ខាត់ សួស្តី ចាប់ផ្តើមលេចមុខខ្លាំងនៅលើឆាកប្រគំតន្រ្តីតាមកញ្ចក់ទូរទស្សន៍ និងតាមកម្មវិធីជាច្រើនតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះ នាងមានគម្រោងការងារជាច្រើនដែលត្រូវធ្វើទាំងសម្តែងនៅទីក្រុង និងតាមខេត្ត ។ ខាត់ សួស្តី បានទទួលស្គាល់ថា ឆ្នាំនេះយីអ៊ុននាងឡើងខ្ពស់ត្រដែតតែម្តង ហើយប្រាក់ចំណូលក៏បានខ្ពស់ជាងមុនដែរ ។
ក្រៅពីការងារនៅក្នុងផលិតកម្ម ខាត់ សួស្តី ក៏ជាតារាចម្រៀងបុរាណនិង ច្រៀងការ ជាដើម…នាងកំពុង ក្រសោបការងារទាំងនោះក្នុងពេលតែមួយ ដើម្បីពង្រឹងជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើង ៕