តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសទទួលការងារឡើងវិញហើយ បន្ទាប់ពីសម្រាលកូនប្រុសទី ២ បានជាងមួយខែ ។
តាំងពីមានផ្ទៃពោះកូនទី ២ មក កេរ្តិ៍ឈ្មោះតារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមធ្លាក់ចុះជាបណ្តើរៗ ដោយសារនាងមិនទទួលការងារច្រើនដូចមុន ដើម្បីមានពេលវេលាមើលថែសុខភាព ។ ដោយឡែកពេលនេះនាងសម្រាលកូនបានជាងមួយខែហើយ ហើយសុខភាពនាងក៏ចាប់ផ្តើមល្អប្រសើរឡើងវិញដែរ បើទោះបីជាលើកនេះនាងសម្រាលកូនដោយការវះកាត់ក្តី ។
ទន្ទឹមនិងការរៀបចំកម្មវិធីជប់លៀងចេញខែកូនរបស់ខ្លួន តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានប្រកាសទទួលការងារឡើងវិញ បន្ទាប់ពីផ្អាកក្នុងវិស័យចម្រៀងអស់ពេលយ៉ាងយូរ ដូចមហាជនដឹងស្រាប់ហើយថា តាំងពីមានកូនទី ២ ការងារតារាចម្រៀងរូបនេះមានការធ្លាក់ចុះខ្លាំង ហើយនាងក៏មិនមានបទចម្រៀងល្បីណាមួយដើម្បីជាកាដូសម្រាប់អ្នកគាំទ្រខ្លួនដែរ សូម្បីតែឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះគឺស្នាដៃនាងស្ងាត់ឈឹងតែម្តង ។
បន្ទាប់ពីប្រកាសទទួលការងារតម្លៃខ្លួនរាប់ម៉ឺនដុល្លារជាលើកដំបូងក្រោយពីសម្រាលកូនទី ២ រួច តារាចម្រៀង ឱក សុគន្ធកញ្ញា បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ពេលនេះនាងទទួលការងារឡើងវិញហើយ នាងពិតជានឹករលឹកអ្នកគាំទ្រខ្លួនខ្លាំងណាស់ ជួបគ្នាឆាប់ៗ ។
ថ្វីដ្បិតតែតារាចម្រៀង ឱក សុគន្ធកញ្ញា សម្រាលកូនដោយការវះកាត់ ប៉ុន្តែសុខភាពនាងនិងកូន គឺល្អប្រសើរ ដូច្នេះហើយទើបនាងប្រកាសទទួលការងារឡើងវិញ ។ បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយតារាចម្រៀងរូបនេះ បានបង្ហើបប្រាប់ថា ឱក សុគន្ធកញ្ញា ត្រៀមនឹងទទួលការងារថ្មីមួយទៀតតម្លៃខ្លួនរាប់សែនដុល្លារ ពេលនេះក្រៅពីប្រឹងថែទាំសុខភាព នាងកំពុងប្រឹងសម្រកគីឡូដើម្បីបានរាងស្អាតស្រឡប់មកវិញ ទទួលការងារថ្មីៗបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រួច ៕