តារាចម្រៀង សុវត្ថិឌី ធារិកា រៀបការជិត ៣ ខែ តែគ្មានតម្រុយរឿងយកកូន រហូតស្វាមីទាមទារធ្វើរឿងនេះ !

តារាចម្រៀង សុវត្ថិឌី ធារិកា រៀបការមានគ្រួសារបានជិត ៣ ខែហើយ តែចំពោះរឿងយកកូនបន្តវង្សត្រកូល នាងហាក់បីដូចជាមិនខ្វាយខ្វល់សោះ សូម្បីតែពេលវេលាចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស ក៏នាងមិនចាប់អារម្មណ៍ដែរ រហូតធ្វើឱ្យស្វាមីនាងទាមទារធ្វើរឿងមួយនេះ ។ 

ដូចទស្សនិកជនដឹងស្រាប់ហើយថា គ្រាន់តែតារាចម្រៀង សុវត្ថិឌី ធារិកា រៀបការរួចប៉ុន្មានថ្ងៃ គឺនាងទទួលការងារច្រៀង និង សម្តែងភ្លាមៗ ។  សុវត្ថិឌី ធារិកា បានបញ្ជាក់ប្រាប់ថា នាងមិនចង់ទុកពេលវេលាទំនេរចោលឥតប្រយោជន៍នោះទេ ពីព្រោះនាងត្រូវការងារ ក៏ដូចជាត្រូវការប្រាក់ចំណូលច្រើនដើម្បីចិញ្ចឹមជិវិត ណាមួយនៅស្ងៀមៗ មិនធ្វើអ្វី គឺនាងចាប់ផ្តើមមានអារម្មណ៍ចង់ឈឺ និងបាក់ទឹកចិត្តភ្លាម ដូច្នេះហើយទើបនាងធ្វើខ្លួនឱ្យរវល់ ឱ្យតែមានគេហៅការងារ គឺនាងទទួលទាំងអស់ ។ 

មកទល់ពេលនេះតារាចម្រៀង សុវត្ថិឌី ធារិកា រៀបការបានជិត ៣ ខែហើយ ហើយនាងក៏ពុំទាន់មានតម្រុងរឿងយកកូនដែរ ជាពិសេសនាងថែមទាំងមិនទាន់បានដឹកដៃស្វាមីចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសដូចជាមិត្តសិល្បករផ្សេង ។ 

ជុំវិញនៃការយកកូននេះ ត្រូវបានតារាចម្រៀង សុវត្ថិឌី ធារិកា បញ្ជាក់ប្រាប់ថា រឿងយកកូននាងបណ្តោយតាមធ្មជាតិ បើមានពេលណាយកពេលហ្នឹង ពីព្រោះនាងមិនបានពន្យាកំណើតដោយវិធីសាស្រ្តណាមួយទេ ។ ម្យ៉ាងវិញទៀតនាងក៏ចង់បានកូនឆាប់ៗដែរបើអាចទៅរួច តែសំខាន់មកទល់ពេលនេះនាងនៅពុំទាន់បានដឹកដៃស្វាមីដើរកម្សាន្តបែបគូស្នេហ៍ថ្មីថ្មោងនៅឡើយទេ ដោយសារម្នាក់ៗរវល់រៀងៗខ្លួន ។  

សុវត្ថិឌី ធារិកា ថែមទាំងបានប្រាប់ផងដែរថា ស្វាមីនាងក៏ចង់បានកូនឆាប់ៗដែរ ដូច្នេះហើយទើបនាងត្រៀមរកពេលវេលាល្អណាមួយដើម្បីបង្កើនភាពស្និទ្ធស្នាល ដែលរ៉ូមែនទិច ដើម្បីទទួលសមាជិកថ្មី ។  

ជាមួយគ្នានេះផងដែរ សុវត្ថិឌី ធារិកា ក៏បានផ្ញើសារលើកទឹកចិត្តចំពោះបុគ្គលណាដែលមានការបាក់ទឹកចិត្តខ្លាំង រហូតដល់ចង់បញ្ចប់ជីវិតរបស់ខ្លួនថា ជីវិតរបស់នាងគឺពិតជាជួបនូវការលំបាកច្រើនតាំងពីឪពុកម្តាយបានស្លាប់ចោល នាងបានក្លាយជាកូនកំព្រា បាក់ទឹកចិត្តខ្លាំង ហើយក៏មិនចង់រស់ដែរ តែដោយសារបានការជួយលើកទឹកចិត្តពីមិត្តភក្តិ និងមនុស្សជុំវិញខ្លួនបានធ្វើឱ្យនាងមានកម្លាំងចិត្តបន្តជីវិតទៅមុខទៀត ។ មានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបាន ដូច្នេះកុំបោះបង់ខ្លួនឯងចោល មិនថាយើងជូបទុក្ខលំបាកបែបណាទេ គឺមានផ្លូវដោះស្រាយទាំងអស់ ​​​​….គ្រាន់តែយូរហើយនិងឆាប់យើងនឹងដោះស្រាយចេញហើយ សំខាន់ឱ្យតែយើងខ្លួនឯងរៀនទទួលស្គាល់ និង ប្រឹងជំនះយកឈ្នះចិត្តខ្លួនឯងឱ្យបាន ៕