លើកនេះ កញ្ញា ហ៊ិន លីដា បញ្ជាក់ច្បាស់ៗពីទំនាក់ទំនងជាមួយលោក ពូ ស្របពេលកេរ្តិ័ឈ្មោះកាន់តែល្បីល្បាញ !   

ទន្ទឹមនិងការចេញបទចម្រៀងថ្មីដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ស្រាប់តែ កញ្ញា ហ៊ិន លីដា បានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងខ្លួនជាមួយលោក ពូ ក្រោយពីមានពាក្យចចាមអារាមថា អ្នកទាំងពីរបានស្រឡាញ់គ្នានៅក្នុងទ្រនំតែមួយ ។ 

កញ្ញា ហ៊ិន លីដា បានចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មួយរយៈពេលធំហើយ ហើយកេរ្តិ៍ឈ្មោះរបស់នាងក៏ល្បីល្បាញខ្លាំងមិនធម្មតាដែរ រហូតបានចេញទៅសម្តែងនៅក្នុងកម្មវិធីធំៗជាច្រើន ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ កញ្ញា ហ៊ិន លីដា ក៏ត្រៀមនឹងចេញទៅសម្តែងនៅប្រទេស ថៃ និងតាមបណ្តាខេត្តក្រុងនានា នៅក្នុងប្រទេសយើង ដើម្បីសម្តែងជូនបងប្អូនទស្សនា និងរាំលេងកម្សាន្តសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី ។ 

កញ្ញា ហ៊ិន លីដា បានប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះនាងមានបទចម្រៀងថ្មីៗជាច្រើនដើម្បីបំពេរអារម្មណ៍ទស្សនិកជន ដូចជាបទចម្រៀង « អូនការហើយបង » និងបទ « ស្រណោះចាបយំ » …ជាដើម ដោយបទចម្រៀង « អូនការហើយបង » គឺនាងបានផ្លាស់ប្តូរទម្រង់ច្រៀងរបស់ខ្លួនមកបែបរដឺន ។ ទោះបីជាជួបការលំបាកបន្តិចក៏ពិតមែន ប៉ុន្តែនាងពិតជាពេញចិត្តខ្លាំងដែលមានឱកាសបានច្រៀងនូវបទចម្រៀងប្រភេទនេះ ។ 

ស្របពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ កញ្ញា ហ៊ិន លីដា កាន់តែមានការស្និទ្ធស្នាលខ្លាំងជាមួយតារាចម្រៀងលោក ពូ ដែលជាដៃគូរួមទ្រនំ រហូតមានព័ត៌មានថា អ្នកទាំងពីរបានស្រឡាញ់​និងកំពុងទំនាក់ទំនងស្នេហានិងគ្នា ។ 

ជួបជាមួយកញ្ញា ហ៊ិន លីដា ផ្ទាល់ នាងថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗថា « បងពូ គឺជាដៃគូដ៏ល្អ ចេះយកចិត្តទុកដាក់ចំពោះខ្ញុំ មើលថែខ្ញុំ គាត់គឺជាមនុស្សល្អខ្លាំង តែចំពោះថ្ងៃអនាគត គឺខ្ញុំមិនដឹងឡើយ ខ្ញុំគ្រាន់តែដឹងថា ពេលនេះ គឺបង ពូ ជាមនុស្សដែលល្អ » ។ 

ថ្វីដ្បិតតែចម្លើយរបស់កញ្ញា ហ៊ិន លីដា មានការស្រពិចស្រពិលបន្តិចមែន ប៉ុន្តែបានធ្វើឱ្យមហាជនកាន់តែដឹងច្បាស់ថា អ្នកទាំងពីរពិតជាស្រឡាញ់គ្នាយ៉ាងពិតប្រាកដមែន សូម្បីតែមិត្តរួមការងាររបស់អ្នកទាំងពីរ ក៏ចាប់អារម្មណ៍ឃើញថា ទំនាក់ទំនងអ្នកទាំងពីរគឺពិតជាល្អខុសប្លែកពីមិត្តដទៃទៀតដែរ ។ 

អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរកញ្ញា ហ៊ិន លីដា និងលោក ពូ ស្រឡាញ់គ្នាលើសពីមិត្តរួមទ្រនំ ។ 

កញ្ញា ហ៊ិន លីដា ក៏ត្រៀមមានអ្វីថ្មីៗជាច្រើនទៀតដើម្បីបង្ហាញអ្នកគាំទ្រ ទាំងរឿងការងារ ក៏ដូចជារឿងឯកជនផ្ទាល់ខ្លួន ដូច្នេះកុំភ្លេចតាមដានជីវិតរបស់កញ្ញា ហ៊ិន លីដា ជាបន្តទៀត ៕