គ្រាន់តែមកមកដល់ប្រទេស កម្ពុជា វិញ ស្រាប់តែកញ្ញា កុយ អេណា បានធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញា ព្រោះនៅសុខៗស្រាប់តែតារាស្រីរូបនេះ ប្រកាសត្រៀមខ្លួនសុំលាលែងតំណែងពីលំដាប់រងទី ១ក្នុងកម្មវិធី Miss Grand Cambodia 2023 ។ មកទល់ពេលនេះការសុំលាលែងតំណែងរបស់នាង ឈានដល់ណាហើយ ? អ្នកគាំទ្រជាច្រើនកំពុងរងចាំដំណឹងពីកញ្ញា កុយ អេណា គ្រប់ៗគ្នា ។
ការវិលត្រឡប់មកពីប្រទេស ណូវែលហ្សេឡង់ របស់កញ្ញា កុយ អេណា លើកនេះ គឺនាងមិនត្រឡប់ទៅទីនោះវិញទៀតទេ ដោយសារនាងមានមូលហេតុជាច្រើនដែលត្រូវធ្វើនៅក្នុងប្រទេស កម្ពុជា ។ សម្រាប់ការងារដំបូងដែល កុយ អេណា ត្រូវធ្វើនៅក្នុងពេលនេះ គឺការងារថត ស្ពត និង ថតម៉ូដឱ្យក្រុមហ៊ុនធំៗជាច្រើន ចំណែករឿងថតភាពយន្តវិញ ក៏កំពុងស្ថិតនៅក្នុងការចចារផងដែរ ។
ទាក់ទងទៅនិងការត្រៀមដាក់ពាក្យសុំលាលែងតំណែងពីលំដាប់រងទី ១ Miss Grand Cambodia 2023 របស់ កញ្ញា កុយ អេណា ត្រូវបាននាងបញ្ជាក់សារជាថ្មីថា នាងនៅពុំទាន់ទទួលបានការអនុញាតិពីអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា នៅឡើយទេ ប៉ុន្តែក្នុងចិត្តនាងរំពឹងថា នាងនឹងទទួលបានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខនេះ ។
នៅពីក្រោយការដាក់ពាក្យសុំលាលែងតំណែងនេះ កញ្ញា កុយ អេណា មានបំណងធំមួយគឺនាងនឹងវិលត្រឡប់មកចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅក្នុងកម្មវិធី Miss Grand Cambodia 2024 នេះ ដូចដឹងស្រាប់ហើយថា កន្លងមកអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ក៏ធ្លាប់បាននិយាយថា នឹងផ្តល់ឱកាសសម្រាប់ Top 5 ក្នុងការវិលត្រឡប់មកវិញដែរ ។
កញ្ញា កុយ អេណា ក៏កំពុងរងចាំចម្លើយយ៉ាងអន្ទះសារពីអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ផងដែរ ៕