ខ្លាំងមិនធ្លាប់មាន « Stuck With You » MV ចម្រៀងបើកឆាកជីវិតថ្មី សុវត្ថិ សិរីវុឌ្ឍ នៅលើទឹកដីថ្មីរួមជាមួយលោកឪពុក និងបងប្រុសធំ ! 

តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ Galaxy Navatra ក្នុងថ្ងៃចុះហត្ថលេខាធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatraដោយបានចេញបទចម្រៀង « Stuck With You » ជាលើកដំបូងបើកទំព័រថ្មី ដោយទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងខ្លាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាឪពុក និងលោក សុវត្ថិ មុនីវណ្ណ ដែលជាបងប្រុសធំ ។ 

សុវត្ថិ សិរីវុឌ្ឍ បានបាត់មុខពីឆាតតន្រ្តីច្រើនឆ្នាំមកហើយ វត្តមានថ្មីរបស់លោកពេលនេះនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា នាពេលនេះពិតជាធ្វើឱ្យកក្រើកអស់វិស័យចម្រៀង ដោយសារតែលោកមានសមត្ថភាពខ្លាំង ថែមទាំងមានឪពុក និង បងប្រុសជួយជំរុញពីក្រោយខ្នង ។ ជួបជាមួយតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ក្នុងពិធីស្វាគមន៍មកកាន់គ្រួសារ Galaxy Navatra ដែលបានរៀបចំឡើងយ៉ាងធំដំនៅក្នុងសណ្ឋាគារ ហាយយ៉ាត់ រីជិនស៊ីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ កន្លងមកនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ៖ លោកពិតជារីករាយ និងរំភើបចិត្តខ្លាំងណាស់ដែលបានក្លាយទៅជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra រួមជាមួយលោកឪពុក និងបងប្រុស ។ សម្រាប់ស្នាដៃដំបូងរបស់លោកមានចំណងជើងថា « Stuck With You » ដែលលោកបាននិពន្ធ និងធ្វើបទចម្រៀងនេះឡើងដោយខ្លួនឯងផ្ទាល់ ។ 

MV ចម្រៀង « Stuck With You »របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ក៏បានចេញលើកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatraទាំង ហ្វេសប៊ុក យូធូប និង TikTok នៅយប់ថ្ងៃទី ១៩ ខែ មីនា រួមជាមួយនិងថ្ងៃចុះហត្ថលេខាធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា តែម្តង ដោយ MV ចម្រៀងនេះ ផលិតឡើងយ៉ាងសម្រិតសម្រាំង ទាំងបច្ចេកទេសថត ការសម្តែង និងការកាត់តជាដើម…រហូតធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា WoW…គ្រប់ៗគ្នា ។ 

ជាមួយនិងការបង្ហាញខ្លួនជាលើកដំបូងមកកាន់គ្រួសារ Galaxy Navatra តារាចម្រៀង សុវត្ថិ មុនីវណ្ណ ដែលត្រូវជាបងប្រុសច្បងរបស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា លោកពិតជារីករាយណាស់ដែលប្អូនប្រុសបានមកកាន់គ្រួសារ Galaxy Navatra ហើយទៅថ្ងៃអនាគត លោកមានគម្រោងនឹងច្រៀង Fit ជាមួយប្អូនប្រុសរបស់ខ្លួនផងដែរ ។ 

បន្ទាប់ពីទំលាក់បទចម្រៀង « Stuck With You » រួចហើយតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ត្រៀមនឹងចេញបទចម្រៀងចំនួន ៥ បទជាប់ៗគ្នាជាបន្តទៀត នៅក្នុងខែ ឧសភា ដើម្បីគាប់ចិត្តអ្នកគាំទ្រ ។ សុវត្ថិ សិរីវុឌ្ឍ ថែមទាំងបានបង្ហើបប្រាប់ថា បទចម្រៀងទាំង ៥ បទនោះលោកបានធ្វើរួចរាល់ហើយ រងចាំតែពេលវេលាមកដល់ ហើយផុសបង្ហាញអ្នកគាំទ្រតែម្តង ។ តោះទស្សនា MV ចម្រៀង « Stuck With You » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ទាំងអស់គ្នា ថា អស្ចារ្យ កម្រិតណា ? ៕