ថ្វីដ្បិតតែមង្គលការលើកទី ១ និង លើកទី ២ របស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណី ខ្មែរ យ៉ាងធំដុំក៏ពិតមែន ប៉ុន្តែនាងពុំដែលបានចុះអេតាលីវិលជាមួយដៃគូរបស់ខ្លួនម្តងណាឡើយ ដោយឡែកមង្គលការលើកទី ៣ នេះ លី ម៉ារីណា ទទួលបានប្លង់រឹងយ៉ាងកក់ក្តៅពីស្វាមីបណ្តូលចិត្ត ហើយសន្យាមើលថែស្វាមី និង កូនៗអស់ពីបេះដូង ។
នៅក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជាតិ កន្លងមកនេះ លី ម៉ារីណា បានបង្ហាញនូវអារម្មណ៍រីករាយ និងដំណឹងល្អឱ្យមហាជនបានដឹងថា នាងនិងស្វាមី បានចុះអេតាស៊ីវិល មានឈ្មោះជាប្តីប្រពន្ធតាមផ្លូវច្បាប់ហើយ ។ តាមរយៈសាររបស់នាងបានបញ្ជាក់ថា « អូនសូមអរគុណប្តីសម្លាញ់ ដែលបានប្រគល់ប្លង់រឹង និង ភាពជាប្តីប្រពន្ធ អូននឹងថែទាំប្លង់រឹងនេះសម្រាប់ស្ពានជីវិត » ។
លី ម៉ារីណា កាន់តែកក់ក្តៅចិត្តនៅពេលដែលទទួលបានប្លឹងរឹងពីស្វាមីខ្លួន ខុសប្លែកពីមង្គលការពីរលើកមុន គឺនាងមិនដែលបានចុះអេតាស៊ីវិលជាមួយដៃគូខ្លួនឡើយ ។
តារាសម្តែង លី ម៉ារីណា ថែមទាំងបានសន្យាថា នឹងមើលថែគ្រួសារមួយនេះឱ្យល្អ មិនថា កូនខាងស្វាមី ឬ កូនរបស់ខ្លួនឡើយ គឺស្រឡាញ់ស្មើៗគ្នា មិនតែប៉ុណ្ណោះ លី ម៉ារីណា ថែមទាំងមានគម្រោងយកកូនម្នាក់បន្ថែមទៀត ដើម្បីទុកជាចំណងដៃរវាងនាងនិងស្វាមី ។
មើលទៅ លី ម៉ារីណា និងស្វាមីពិតជាស្រឡាញ់គ្នាខ្លាំងណាស់ រាល់ពេលមានពិធីជួបជុំ ឬទៅណាមកណា អ្នកទាំងពីរតែងតែបណ្តើរគ្នាទៅចូលរួមត្រសងយ៉ាងផ្អែមល្ហែមមបំផុត ធ្វើឱ្យសិល្បករវ័យក្មេងជាច្រើនច្រណែន និងវាសនារបស់នាង …។
តាំងពីរៀបការរួច លី ម៉ារីណា កាន់តែឃ្លាតឆ្ងាយពីសិល្បៈ នាងមិនទាន់ទទួលថតរឿងថ្មីណាមួយនៅឡើយទេ ។ បើតាមប្រភពព័ត៌មានស្និទ្ធជាមួយតារាស្រីរូបនេះបានបង្ហើបបប្រាប់ថា លី ម៉ារីណា មិនទទួលថតរឿងទៀតទេ ដោយសារតែនាងមមាញឹកការងាររកស៊ី និង មើលថែគ្រួសារ ហើយស្វាមីរបស់នាងក៏មិនចង់ឱ្យនាងប្រលូកក្នុងវិស័យនេះទៀតដែរ ខ្លាចនាងជួបនូវការលំបាក ៕