នរណាថាសង្សារចាស់បែកគ្នាហើយមិនអាចត្រូវគ្នាបាន ? ប្រៀបដូចជាកញ្ញា ហ៊ិន លីដា និង លោក ពូ ចូលឆ្នាំថ្មីនេះ អ្នកទាំងពីរត្រូវគ្នាវិញហើយ បន្ទាប់ពីលោក ពូ តាមលួងលោមកញ្ញា ហ៊ិន លីដា ទាំងយប់ទាំងថ្ងៃ ប្រកបដោយចិត្តស្មោះស ។
MV ចម្រៀង « ញ៉ែសង្សារចាស់ » របស់លោក ពូ និងកញ្ញា ហ៊ិន លីដា បានចេញជាផ្លូវការហើយនៅក្នុងផលិតកម្ម Galaxy Navatra ទាំងលើកផេកផ្លូវការ ហ្វេសប៊ុក យូធូប និង TikTok នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ នេះ ។ បទចម្រៀងមួយបទនេះ គឺនិពន្ធ Melody និងទំនុកច្រៀងដោយ Bross Ton និង និពន្ធបទភ្លេងដោយ ឃ្លាំង កុម្ភះ ។
តាមរយៈ MV ចម្រៀង « ញ៉ែសង្សារចាស់ » នេះកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ដោយសារតែបទចម្រៀងឆ្លើយឆ្លង ឌឺដង មួយបទនេះ មិនត្រឹមតែពិរោះនិងប្រកបដោយអត្ថន័យចាក់ដោតប៉ុណ្ណោះទេ ថែមទាំងអាចរាំលេងកម្សាន្តបានយ៉ាងសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ មើលតែលោក ពូ និង កញ្ញា ហ៊ិន លីដា ច្រៀង រាំ ឌឺដងគ្នាបែបនេះ ក៏ធ្វើឱ្យអ្នកទស្សនាទ្រាំមិនបានដែរ ។
លោក ពូ និង កញ្ញា ហ៊ិន លីដា មិនត្រឹមតែជាដៃគូចម្រៀងដែលសក្តិសមនិងគ្នាប៉ុណ្ណោះទេ អ្នកទាំងពីរគឺជាគូស្នេហ៍វ័យក្មេង ដ៏គួរឱ្យស្រឡាញ់ ជាក់ស្តែងតាំងពីស្គាល់ និង ចាប់ដៃគូគ្នាច្រៀងរួមគ្នាមក រាសីអ្នកទាំងពីរឡើងខ្ពស់ត្រដែត និងកាន់តែល្បីល្បាញនៅក្នុងវិស័យចម្រៀង មិនថាពេលទៅថតចម្រៀងនៅក្រុមហ៊ុន ពេលចេញទៅចូលរួមកម្មវិធីប្រគំតន្រ្តីនានា គឺលោក ពូ តែងតែយកចិត្តទុកដាក់លើកញ្ញា ហ៊ិន លីដា ខុសពីមិត្តធម្មតា សូម្បីតែមិត្តរួមក្រុមក៏លួចច្រណែនអ្នកទាំងពីរដែរ ។
ទាំងលោក ពូ និង កញ្ញា ហ៊ិន លីដា បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំងនៅពេលដែលឃើញអ្នកគាំទ្រជាច្រើន គាំទ្រពីទំនាក់ទំនងស្នេហ៍អ្នកទាំងពីរ បើទោះបីជាអ្នកទាំងពីរមិនទាន់ចេញមុខបកស្រាយអំពីទំនាក់ទំនងនោះជាផ្លូវការក្តី ។
ដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ផលិតកម្ម Galaxy Navatra បានសម្រុកចេញបទចម្រៀងថ្មីៗជាច្រើន មានគ្រប់ចង្វាក់ ដោយក្នុងនោះកញ្ញា ហ៊ិន លីដា បានចេញបទចម្រៀងថ្មីៗជាច្រើនដូចជាបទ « ស្រណោះចាបយំ » « ម្តេចថាខ្ញុំមេម៉ាយ » « អូនការហើយបង » និងបទ « ញ៉ែសង្សារចាស់ » ។ ចំណែកលោក ពូ វិញក៏មិនអន់ឡើយលោកបានចេញបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាបទ « អាម៉េចទេ » …។ តោះទស្សនា MV ចម្រៀង « ញ៉ែសង្សារចាស់ » ពីលោក ពូ និង កញ្ញា ហ៊ិន លីដា ទាំងអស់គ្នា ថា តើលោក ពូ តាមញ៉ែ កញ្ញា ហ៊ិន លីដា បែបណា ទើបនាងលើកលែងទោសឱ្យលោក ពូ នោះ?៕