មួយរយៈពេលចុងក្រោយនេះតារាសម្តែងទឹកភ្នែក នី មុនីនាថ ពុំមានវត្តមាននៅក្នុងភាពយន្តណាមួយទេ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងបោះបង់អាជីពនេះចោលទៅហើយដោយសារតែរកប្រាក់ចំណូលមិនបាន ។ ទោះជាយ៉ាងនេះក្តីថ្មីៗនេះ នី មុនីនាថ បានរត់ទៅបើកសាឡន និងធ្វើក្រចក ព្រមទាំងធ្វើវិដេអូខ្លីៗជាមួយប្អូនស្រីរបស់ខ្លួន ដើម្បីរកប្រាក់ចំណូល ។
នី មុនីនាថ ធ្លាប់ជាតារាសម្តែងដ៏លេចធ្លោមួយរូប ដែលអាចរកប្រាក់ចំណូលបានខ្ពស់ជាងតារាផ្សេងៗ ដូចជា សារ៉ាយ សក្ខណា ជាដើម…ប៉ុន្តែមិនដឹងថាមានបញ្ហាអ្វីបានជាធ្វើឱ្យ តារាស្រីរូបនេះ មិនទទួលថតរឿងច្រើនដូចមុន ហើយកេរ្តិ៍ឈ្មោះរបស់នាងពេលនេះក៏ធ្លាក់ទៅតាមហ្នឹងដែរ ។
ទោះបីជាបាត់មុខពីឆាកសម្តែង តែថ្មីៗនេះតារាសម្តែង នី មុនីនាថ បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីបើក សាឡន និង ហាងធ្វើក្រចក ដោយបានដាក់ឈ្មោះថា NMN Salon & Nail ។ នី មុនីនាថ ពិតជាយកចិត្តទុកដាក់ខ្លាំងលើអាជីវកម្មថ្មីនេះ ហើយនាងក៏លែងនឹកនាក្នុងការថតរឿងដូចមុនដែរ ។
បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយ នី មុនីនាថ បានបង្ហើបប្រាប់ថា នី មុនីនាថ លែងចង់រកប្រាក់ចំណូលកាក់ល្អិតពីវិស័យសម្តែងដូចមុនទៀតហើយ ដោយសារតែវ័យរបស់នាងកាន់តែច្រើន ហើយនាងមិនអាចរក្សាតំណែងតួឯកបានដូចមុនទៀត ដូច្នេះហើយត្រូវកាត់ចិត្តងាកទៅបើកមុខរបររកស៊ីជំនួសវិញ ដែលអាចរកប្រាក់ចំណូលបានច្រើនជាងការងារសិល្បៈ ។
ថ្វីដ្បិតតែមានព័ត៌មានបែបនេះក្តីកញ្ញា នី មុនីនាថ នៅតែអះអាងថា នាងនៅតែស្រឡាញ់សិល្បៈ និងចូលរួមថតភាពយន្តដូចដើម ប្រសិនបើនាងមានពេលទំនេរ ។
ស្របពេលពង្រឹងអាជីវកម្មថ្មីនេះ នី មុនីនាថ ក៏រំពឹងថា ជីវិតស្នេហារបស់នាងកាន់តែជោគជ័យ និងបានដឹកដៃគូស្នេហ៍នៅ អូស្រ្តាលី ចូលរោងការឆាប់ៗផងដែរ ពីព្រោះវ័យរបស់នាងពេលនេះក៏កើនឡើងជាលំដាប់ ៕